ក្រុមសិទ្ធិមនុស្សបាននិយាយថា ឆ្មាំព្រំដែនអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យនេះបានបាញ់សម្លាប់កម្មករសែងអ៊ីវ៉ាន់ជនជាតិឃឺដ នៅតំបន់ព្រំដែនខូរ៉ាសាន(Khorasan)។
អង្គការសិទ្ធិមនុស្សហេងហ្កាវ (Hengaw) បានរាយការណ៍ថា លោកហាហ្សា ហ្វារ៉ាជី (Hazhar Faraji) អាយុ ២៩ឆ្នាំត្រូវបានសម្លាប់ដោយការបាញ់ប្រហារដោយផ្ទាល់របស់កងកម្លាំងព្រំដែនអ៊ីរ៉ង់ស្ថិតនៅជិតភូមិសាដាប (Sardab) ភាគខាងជើងនៃខេត្តខូរ៉ាសាន។
យោងតាមអ្នកឃ្លាំមើលបានប្រាប់ឱ្យដឹងថា ឆ្មាំព្រំដែនអ៊ីរ៉ង់បានបាញ់សម្លាប់កម្មករសែងអ៊ីវ៉ាន់ជនជាតិ ឃឺដចំដើមទ្រូង។
យោងតាមស្ថិតិដែលផ្តល់ដោយ អង្គការសិទ្ធិមនុស្សហេងហ្កាវបានបង្ហាញថា កងកម្លាំងអ៊ីរ៉ង់បានសម្លាប់កម្មករសែងអ៊ីវ៉ាន់ជនជាតិឃឺដចំនួន៦នាក់នៅទីក្រុងបាណេ (Baneh) ក្នុងរយៈពេលប្រាំខែកន្លងមកនេះ ហើយផងដែរកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្មាំព្រំដែនអ៊ីរ៉ង់ក៏បានសម្លាប់ និងបង្កររបួសដល់ជនជាតិឃឺដចំនួន៤នាក់នៅទីក្រុងបាណេ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២