ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមបើកការវាយប្រហារនៅក្នុងប្រទេសកាមេរូន

0

ប្រទេសកាមេរូន៖ ប្រភពព័ត៌មានក្នុងតំបន់ និងសន្តិសុខបានប្រាប់ឱ្យដឹងកាលពីថ្ងៃចន្ទថា ពលរដ្ឋមួយចំនួន ដោយរាប់បញ្ចូលទាំងទាហានម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់កាលពីចុងសប្តាហ៍ ដោយក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម​ នៅតំបន់ហ្វាណ័សនៃប្រទេសកាមេរូន។

ប្រភពសន្តិសុខនៅក្នុងតំបន់បានបញ្ជាក់ឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធបានវាយឆ្មក់លើភូមិគីស្មាថារី កាលពីល្ងាចថ្ងៃអាទិត្យ ដោយបានសម្លាប់ជនស៊ីវិល ៣នាក់ និងបន្ទាប់មកទៀតបានបន្តវាយប្រហារលើតំបន់ ម័រហ្កូ ចាប់ពីយប់ថ្ងៃអាទិត្យដល់ព្រឹកថ្ងៃចន្ទ ជាកន្លែងដែលពួកគេបានសម្លាប់ជនស៊ីវិលម្នាក់ និងបង្ករបួសដល់ជនស៊ីវិលម្នាក់ផ្សេងទៀត។

មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារសារព័ត៌មានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ក្រុមសកម្មប្រយុទ្ធបានវាយប្រហារ និងសម្លាប់ទាហានម្នាក់ របស់​ក្រុម​ការងារ​ចម្រុះ​​ជាតិ​សាសន៍​ ដែល​កំណត់​អត្តសញ្ញាណ​ថា​ជាក្រុម អូលីវវើរ ងូណូ (Olivier Ngono)។ ទាហានរូបនោះបានជិះម៉ូតូ នៅពេលដែលក្រុមសកម្មប្រយុទ្ធកំពុងលាក់ខ្លួននៅក្នុងតំបន់ហ្កូហ្កូឡុម រួចបានបើកការបាញ់ប្រហារសម្លាប់ទាហាននោះ និងអ្នកបើកបរម៉ូតូ។

បើយោងតាមរបាយការណ៍សន្តិសុខបានបញ្ជាក់ឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមបានបង្កើនការវាយប្រហារទៅលើជនស៊ីវិល និងបុគ្គលិកសន្តិសុខនៅក្នុងតំបន់ ក្នុងអំឡុងពេលមួយសប្តាហ៍ចុងក្រោយនេះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here