ប្រទេសបួគីណាហ្វាសូ៖ទាហាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមភេរវករវាយប្រហារលើបេសកកម្មអមដំណើរយោធា បណ្តាលឱ្យទាហាន ១៥នាក់ស្លាប់ កាលពីថ្ងៃអង្គារ នៅភាគខាងជើងប្រទេសបួគីណាហ្វាសូ។
នៅក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា ការវាយប្រហារកំណត់គោលដៅលើបេសកកម្មអមដំណើរ ដែលធ្វើឡើងដោយអង្គភាពយោធានៅលើផ្លូវពីទីក្រុង បួហ្សានហ្គា
ទៅកាន់ទីក្រុង ជីបូ នៅកណ្តាលតំបន់ភាគខាងជើង។
ទាហាននិយាយថា រថយន្តមួយគ្រឿងរបស់ក្បួនដឹកអ្នកប្រយុទ្ធបើកកិនលើគ្រឿងផ្ទុះកែច្នៃនៅក្បែរស្រុក ណាមស៊ិកវៀរ ក្នុងខេត្តបាម នៅកណ្តាលតំបន់ភាគខាងជើង។ ឧបករណ៍ទីពីរត្រូវបានបំផ្ទុះពីចម្ងាយ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ខណៈប្រតិបត្តិការជួយសង្គ្រោះ និងសន្តិសុខត្រូវបានអនុវត្ត។
ទាហានបន្ថែមឱ្យដឹងថា ហេតុការណ៍ផ្ទុះទាំង ២លើកបណ្តាលឱ្យទាហានស្លាប់ ១៥នាក់ និងបង្ករបួសដល់ទាហានម្នាក់។ សម្ភារៈជាច្រើនរងការខូចខាត ហើយប្រតិបត្តិការសន្តិសុខកំពុងដំណើរការនៅក្នុងតំបន់។
គួររំលឹកផងដែរថា សន្តិសុខនៅក្នុងប្រទេសបួគីណាហ្វាសូកាន់តែអាក្រក់ទៅចាប់តាំងពីឆ្នាំ២០១៥ ខណៈដែលការវាយប្រហារភេរវកម្មបានសម្លាប់មនុស្សច្រើនជាង ១,០០០នាក់ និងបណ្តាលឱ្យមានការផ្លាស់ទីលំនៅប្រមាណជាជាង១,៩លាននាក់ផ្សេងទៀតនៅក្នុងប្រទេសអាហ្វ្រិកខាងលិច៕
ប្រែសម្រួល៖ប៉ោក លក្ខិណា