អ្នកឃ្លាំមើលបាននិយាយថា មេបញ្ជាការក្រុមរដ្ឋអ៊ីស្លាមម្នាក់កាលពីថ្ងៃអង្គារនេះបានបំផ្ទុះខ្លួនឯងនៅក្នុងផ្ទះមួយកន្លែងស្ថិតនៅក្នុងទីក្រុងដារ៉ា (Daraa) ប្រទេសស៊ីរី។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានប្រាប់ឱ្យដឹងថា ជនជាតិអ៊ីរ៉ាក់ម្នាក់ឈ្មោះអាប៊ូ សាលីម អាល់ អ៊ីរ៉ាក់ (Abu Salim al-Iraqi) ជាមេបញ្ជាការរដ្ឋអ៊ីស្លាម។ គាត់បានលាក់ខ្លួននៅឯតំបន់ជនបទភាគខាងលិចទីក្រុងដារ៉ាក្បែរតំបន់អាល់-ចូឡាន (al-Jolan) តាំងពីឆ្នាំ២០១៨។
គាត់បានបំផ្ទុះខ្លួនឯងបន្ទាប់ពីត្រូវបានឡោមព័ទ្ធដោយកងកម្លាំង និងអ្នកប្រយុទ្ធក្នុងតំបន់ ស្ថិតនៅក្នុងផ្ទះមួយកន្លែងក្នុងទីក្រុងអាដវ៉ាន់ (Adwan) ភាគខាងលិចជាយក្រុងដារ៉ា។
យោងតាមក្រុមអ្នកឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានប្រាប់ឱ្យដឹងថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងភាគីទាំងសងខាងនេះបណ្តាលឱ្យមនុស្សមួយចំនួនផ្សេងទៀតរងរបួសផងដែរ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២