ទាហាន ៤២នាក់ស្លាប់ ក្នុងការវាយប្រហារភេរវកម្មនៅប្រទេសម៉ាលី

0

ប្រទេសម៉ាលី៖រដ្ឋាភិបាលម៉ាលីនិយាយកាលពីថ្ងៃពុធនៅក្នុងសេចក្តីថ្លែងការណ៍មួយថាទាហានម៉ាលី ៤២នាក់ ត្រូវបានសមា្លប់ និង២២នាក់រងរបួស ក្នុងអំឡុងពេលមានការវាយប្រហារភេរវកម្មនៅក្បែរទីក្រុង ថេសស៊ីត នៅក្នុងតំបន់ ហ្កាវ នៃប្រទេសម៉ាលី កាលពីថ្ងៃចន្ទ។

នៅក្នុងសេក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា ក្រុមភេរវករប្រមាណជា​ ៣៩នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅតំបន់ជម្លោះ “ព្រំដែន៣” ដែលជាតំបន់ប្រសព្វនៃប្រទេសចំនួន៣ដូចជាប្រទេសម៉ាលី ប្រទេសនីហ្សេ និងប្រទេសបួគីណាហ្វាសូ។ ការ​ប្រយុទ្ធ​គ្នា​ដោយ​ហិង្សា​បាន​អូស​បន្លាយអស់រយៈពេល​ជា​ច្រើន​ម៉ោង ចំណែកឯប្រតិបត្តការសន្តិសុខ និងការពារជីវិតប្រជាជននៅតែជាគោលដៅចម្បងរបស់កងកម្លាំងប្រដាប់អាវុធម៉ាលី។

រដ្ឋាភិបាល​បាន​ថ្កោលទោស​ចំពោះ ​ការ​វាយ​ប្រហារ​ដ៏​ស្មុគស្មាញ និងមានការ​សម្របសម្រួល​ ដោយក្រុមភេរវករប្រដាប់អាវុធ ដោយក្រុមនោះប្រហែលជាក្រុម ISGS ដែលគេហៅថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងតំបន់មហាសាហារ៉ា ដែលបានប្រើយន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ ឧបករណ៍បំផ្ទុះ និងគ្រាប់បែកបង្កប់ក្នុងរថយន្តជាដើម។

គួររំលឹកផងដែរថា ប្រទេសម៉ាលីប្រឈមនឹងវិបត្តិសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចតាំងពីឆ្នាំ២០១២ ដោយការបះបោរ ការលុកលុយរបស់ក្រុមជីហាដ និងអំពើហិង្សាអន្តរសហគមន៍ ដែលសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្តាលឱ្យមានការផ្លាស់ទីលំនៅរាប់សែននាក់ផ្សេងទៀត នៅក្នុងប្រទេសអាហ្វ្រិកខាងលិច៕

ប្រែសម្រួល៖ប៉ោក ​លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here