ប្រទេសអ៊ីរ៉ាក់៖ប្រទេសអ៊ីរ៉ាក់បានប្រកាសកាលពីថ្ងៃសៅរ៍ថា ពួកគេបានទទួលអ្នកទោស ៥០នាក់ ដែលជាសមាជិកក្រុមសកម្មប្រយុទ្ធនៃរដ្ឋអ៊ីស្លាម ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសស៊ីរី។
ស៊ិកឃ្យូរីធី មេឌៀរ សែល (Security Media Cell) ហៅកាត់ថា អេស អ៊ឹម ស៊ី (SMC) ដែលជាប្រព័ន្ធផ្សព្វផ្សាយមានទំនាក់ទំនងជាមួយកម្លាំងប្រដាប់អាវុធប្រទេសអ៊ីរ៉ាក់ផុសនៅលើបណ្តាញសង្គមទ្វីតធ័រថា តាមរយៈការយោគយល់ និងកិច្ចព្រមព្រៀងរួមគ្នា ប្រទេសអ៊ីរ៉ាក់បានទទួលសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន ៥០នាក់ ដែលជាជនជាតិអ៊ីរ៉ាក់មកពីប្រទេសស៊ីរី។
ការប្រគល់អ្នកទោសត្រូវបានធ្វើឡើងនៅតំបន់ព្រំដែន រ៉ាបៀរ នៅក្នុងខេត្តនីនីវេរ ភាគខាងជើងនៃប្រទេស។ ភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់បានដកស្រង់សម្តីរបស់លោក ថាស់ស៊ីន អាល់ កាហ្វាជី អ្នកនាំពាក្យនៃបញ្ជាការប្រតិបត្តិការរួមរបស់ប្រទេសអ៊ីរ៉ាក់មានខ្លឹមសារថា៖ ”អ្នកទោសមួយ ចំនួនគឺជាមេដឹកនាំក្នុងតំបន់របស់សមាជិករដ្ឋអ៊ីស្លាម និងទទួលខុសចំពោះការវាយប្រហារនានា”។
ប្រភពអេស អ៊ឹម ស៊ីបន្ថែមថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានទទួលអ្នកទោសដើម្បីសួរចម្លើយ រួមទាំងចាត់វិធានការផ្លូវច្បាប់ជាចាំបាច់ចំពោះពួកគេ។
ប្រទេសអ៊ីរ៉ាក់បានទទួលជនជាតិអ៊ីរ៉ាក់ និងជនបរទេសជាច្រើនក្រុមដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសស៊ីរី។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៤ សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានបង្កើតរដ្ឋកាលីហ្វាតប្រកាសដោយខ្លួនឯងនៅក្នុងផ្នែកខ្លះនៃប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី ប៉ុន្តែសមាជិករាប់ពាន់នាក់ដែលស្មោះត្រង់ជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមត្រូវបានសម្លាប់ និងចាប់ខ្លួន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធទាំងនោះទទួលបរាជ័យនៅក្នុងប្រទេសអ៊ីរ៉ាក់ នៅឆ្នាំ២០១៧ និងបន្ទាប់មកទៀតនៅប្រទេសស៊ីរី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២