ប្រទេសប៉ាគីស្ថាន៖យោធានិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិកយោធា ២នាក់ ត្រូវបានសម្លាប់ និងម្នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារភេរវកម្មទៅលើកម្លាំងសន្តិសុខ នៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីយប់ថ្ងៃសៅរ៍ កម្លាំងសន្តិសុខបានបាញ់ពន្លត់ភ្លើងដែលឆាបឆេះពីចម្ងាយដោយជោគជ័យ ដែលបានដុតបំផ្លាញបុស្ត៍ត្រួតពិនិត្យនៅក្នុងតំបន់ កុស ស្ថិតនៅក្បែរស្រុក ហាណៃ និងបានដេញតាមក្រុមភេរវករដែលរត់គេចខ្លួនចូលទៅតំបន់ភ្នំក្បែរនោះ។ ISPR បន្ថែមឱ្យដឹងថា៖ “ហេតុការណ៍បន្តមកទៀត ក្នុងអំឡុងពេលប្រឹងប្រែងឡោមព័ទ្ធដើម្បីកាត់ផ្តាច់ភេរវករដែលកំពុងរត់គេចខ្លួន ការបាញ់ប្រហារគ្នាយ៉ាងកក្រើកបានកើតឡើងរវាងក្រុមភេរវករ និងកម្លាំងសន្តិសុខល្បាតផងដែរ។”
គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលប៉ះទង្គិចគ្នានោះ ទាហានពីរនាក់ស្លាប់ និងមន្ត្រីម្នាក់រងរបួស ខណៈដែលហេតុការណ៍នេះបង្កការខាតបង់ជាច្រើនដល់ក្រុមភេរវករ។ ISPR បញ្ជាក់ឱ្យដឹងផងដែរថា៖“កម្លាំងសន្តិសុខ នៅក្នុងជំហានតតាំងជាមួយជាតិ នៅតែប្តេជ្ញារារាំងការប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពនៅខេត្តប៉ាឡូជីស្ថាន៕”
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២