យោធាអ៊ីស្រាអែលបិទច្រកផ្លូវរូងក្រោមដីដែលក្រុមហាម៉ាស់ប្រើដើម្បីវាយប្រហារចេញពីតំបន់ហ្កាហ្សា

0

ប្រទេសអ៊ីស្រាអែល៖យោធាអ៊ីស្រាអែលនិយាយកាលពីថ្ងៃចន្ទថា ពួកគេបានបិទច្រកផ្លូវរូងក្រោមដី សម្រាប់ការវាយប្រហារដែលមេដឹកនាំក្រុមហាម៉ាស់បានជីកនៅតំបន់ហ្កាហ្សា ដោយមានប្រភពចេញពី​តំបន់​ប៉ាឡេស្ទីនព័ទ្ធ​ចូលទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។

អ្នកនាំពាក្យយោធានិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហានបានរកឃើញ និងបានបិទច្រកផ្លូវរូងក្រោមដីដែលមានផ្លូវពីរ ដោយក្រុមហាម៉ាស់បានជីកចេញពីភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីបទៅកាន់ទឹកដីនៃប្រទេសអ៊ីស្រាអែល។

លោក នីមរូដ អាឡូនី មេបញ្ជាការកងពលការពារជាតិអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍ក្នុងវីដេអូមួយថា ផ្លូវរូងក្រោមដីត្រូវបានជីកឆ្លងកាត់ចូលទៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែល ប៉ុន្តែ​​បរាជ័យ​ក្នុង​ការ​ឆ្លងកាត់​របាំង​បេតុង​ក្រោមដី​ដែល​ទើប​សាងសង់​ថ្មីដោយកម្លាំង​អ៊ីស្រាអែល។ យោធាអ៊ីស្រាអែលបានបញ្ជាក់ឱ្យដឹងថា ផ្លូវរូងក្រោមដីនោះមិនបានបង្កការគំរាមកំហែងដល់សហគមន៍អ៊ីស្រាអែលនៅក្នុងតំបន់ក្បែរតំបន់ហ្គាហ្សានោះទេ។

លោក អាឡូនី បន្ថែមឱ្យដឹងថា ផ្លូវរូងក្រោមដីធ្លាប់ត្រូវបានបិទចោលកាលពីខែឧសភាឆ្នាំ២០២១ ក្នុងអំឡុងពេលប្រតិបត្តិការរបស់កម្លាំងយោធាអ៊ីស្រាអែលដើម្បីប្រឆាំងនឹង
ក្រុមហាម៉ាស់ ប៉ុន្តែវាត្រូវបានជួសជុលឡើងវិញ ដោយបង្កើតចេញជាផ្លូវពីរចូលទៅក្នុងប្រទេសអ៊ីស្រាអែល។

លោក ហ្វាហ្ស៊ី បាហូម អ្នកនាំពាក្យក្រុមហាម៉ាស់និយាយថា៖ “ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលរាយការណ៍ពីការរកឃើញផ្លូវរូងក្រោមដីនៅភាគខាងជើងតំបន់ហ្កាហ្សា គឺមានគោលបំណងដើម្បីបិទបាំងអំពើឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលដែលបានប្រព្រឹត្តនៅក្នុងតំបន់ហ្កាហ្សា។ ចំណែកឯ ប្រជាជនប៉ាឡេស្ទីនត្រូវបានប្រគល់សិទ្ធឱ្យទប់ទល់នឹងការកាន់កាប់របស់អ៊ីស្រាអែលតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។”

សេចក្តីប្រកាសនោះធ្វើឡើងនៅរយៈពេលប្រមាណជា ១សប្តាហ៍ បន្ទាប់ពីកម្លាំងអ៊ីស្រាអែល និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសអេហ្ស៊ីប ដោយបញ្ចប់​ការ​ប្រយុទ្ធ​គ្នា​រយៈពេល​បី​ថ្ងៃ​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​ដែល​បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់ ៤៩នាក់​៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here