កាលពីថ្ងៃអង្គារនេះការវាយប្រហារតាមអាកាសរបស់ទួរគី បានកំណត់គោលដៅលើមូលដ្ឋានយោធានៃរបបស៊ីរីក្បែរទីក្រុងកូបានី (Kobani) បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បាននិយាយថា ការវាយប្រហារតាមអាកាសបានវាយប្រហារលើមូលដ្ឋានយោធាមួយកន្លែងស្ថិតនៅក្នុងភូមិចាក់លី (Jarqli) ភាគខាងលិចទីក្រុងកូបានី ដោយមិនបានបញ្ជាក់ថាតើអ្នកស្លាប់ជាទាហាននៃរបបស៊ីរី ឬជនស៊ីវិលនោះទេ។
ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានប្រាប់ឱ្យដឹងថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើងបន្ថែមទៀត ខណៈដែលអ្នករងរបួសមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ការបាញ់ផ្លោងរបស់តួកគីនៅព្រឹកថ្ងៃនេះបានបណ្តាលឲ្យកុមារម្នាក់ឈ្មោះអាប៊ីដ ម៉ូហាម៉េដ ហានី (Abid Mohammed Hani) ស្លាប់នៅក្នុងតំបន់ហ្សូរ៉ាវ៉ា( Zorava) ភាគខាងកើតទីក្រុងកូបានី។
នៅព្រឹកថ្ងៃដដែល កងទ័ពទួរគីបានទម្លាក់គ្រាប់បែកលើទីតាំងនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃឺដនៅជិតទីក្រុងកូបានី ដែលការទម្លាក់គ្រាប់បែកនេះធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការបាញ់ផ្លោងមុនរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី ប្រឆាំងនឹងទីតាំងរបស់កងទ័ពតួកគីនៅតាមព្រំដែន។
ប្រភពក្នុងតំបន់បានប្រាប់សារព័ត៌មាន BasNews ថានៅពេលនោះ “កាំភ្លើងធំ និងគ្រាប់រ៉ូកែតជាច្រើនបានធ្លាក់នៅភាគខាងលិចទីក្រុងកូបានី ចំពេលមានការបាញ់ផ្លោងគ្នារវាងកម្លាំងប្រជាធិបតេយ្យស៊ីរី និងកងទ័ពទួរគីនៅភាគខាងកើតនៃទីក្រុង” ។
ក្រុមយុទ្ធជនមកពីគណបក្សពលករឃឺដ (PKK) នៅព្រឹកថ្ងៃអង្គារនេះ បានទម្លាក់គ្រាប់បែកលើទីតាំងមួយរបស់កងទ័ពទួរគីស្ថិតនៅខាងក្រៅក្រុងហ្សូម៉ាហារ (Zormaghar) ភាគខាងលិចនៃទីក្រុង កូបានី បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង១០នាក់ផ្សេងទៀតរងរបួស។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២