ជនសង្ស័យជាភេរវករ​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុងប្រទេស​ឥណ្ឌូនេស៊ី​

0

ប្រទេស​ឥណ្ឌូនេស៊ី​៖កម្លាំងប្រឆាំងភេរវកម្មរបស់ប្រទេសឥណ្ឌូនេស៊ី ដែលស្គាល់ថាជា ក្រុមដេនសុស៨៨ (Densus 88) បានចាប់ខ្លួនមនុស្ស ៣នាក់ ជាប់សង្ស័យពីការធ្វើសកម្មភាពភេរវកម្មនៅក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នា។

លោក អាម៉ាដ រ៉ាម៉ាដាន អ្នកនាំពាក្យប៉ូលិសជាតិឥណ្ឌា ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់កាលពីល្ងាចថ្ងៃអង្គារថា ជនសង្ស័យ ២នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង ចាកាថា ហើយពួកគេជាប់ចោទពីបទមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមក្នុងស្រុក ចាម៉ាស់ អ៊ីស្លាមីយាស់ (JI) ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

លោក រ៉ាម៉ាដាន និយាយថា៖ “យ៉ាងណាមិញ ជនសង្ស័យជាភេរវករម្នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅភាគខាងត្បូងខេត្តស៊ូម៉ាត្រា ។ គាត់ជាប់ចោទពីបទ ជាអ្នកគាំទ្រដល់ក្រុមភេរវករ ចាម៉ាស អានស្ហារ៉ាត់ ដូឡាស់ (JAD)។ មន្ត្រីមានសមត្ថកិច្ចនៅតែបន្តស៊ើបអង្កេតលើករណីនេះ។ ”

ក្រុមភេរវករ ចាម៉ាស អានស្ហារ៉ាត់ ដូឡាស់ ទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើននៅក្នុងតំបន់ប្រជុំកោះ រាប់បញ្ចូលទាំងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារមួយនៅក្នុងទីក្រុង
ម៉ាកាសារ នៅលើកោះ ស៊ូឡាវេស៊ី កាលពីខែមីនាឆ្នាំមុន និងការ​បំផ្ទុះ​អត្តឃាត​ជាច្រើន​នៅ​ព្រះវិហារ​លើ​កោះ​ ចាវ៉ាខាងកើត កាលពីឆ្នាំ២០១៨ ដោយបានសម្លាប់មនុស្សជាច្រើននាក់។

ក្រុមនោះត្រូវបានប្រកាសថា អង្គការឧទ្ទាមខុសច្បាប់កាលពីឆ្នាំ២០១៨ផងដែរ។

គួររំលឹកផងដែរថា ក្រុមជ្រុលនិយមនៅក្នុងស្រុក ចាម៉ាស់ អ៊ីស្លាមីយាស់ (JI) ជាក្រុមដែលស្ថិតនៅពីក្រោយការវាយប្រហារទម្លាក់គ្រាប់បែកនៅកោះបាលីឆ្នាំ២០០២ ដោយបានសម្លាប់មនុស្សច្រើនជាង២០០នាក់កាលពីថ្ងៃឈប់សម្រាកនៅលើកោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here