ប្រទេសស៊ីរី៖អ្នកតាមដានសង្គ្រាមបានរាយការណ៍ថា ឧទ្ធម្ភាគចក្របំពាក់កាំភ្លើងរបស់អាមេរិក បានបាញ់ទៅលើទីតាំងរបស់កងជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅខេត្ត ដៀរ អាល់ ហ្សួរ ភាគខាងកើតប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីក៏បានរាយការណ៍ផងដែរថា ទីតាំងកងជីវពលជាច្រើននៅក្នុងទីក្រុង ម៉ាយ៉ាឌីន រាប់បញ្ចូលទាំងតំបន់ក្បែរសាលារៀន វិទ្យាស្ថានរដ្ឋ និងស្នាក់ការកណ្តាលរបស់គណបក្ស អាល់ បាត់ ដែលកំពុងកាន់អំណាចប្រទេសស៊ីរី បានរងការកំណត់គោលដៅពីឧទ្ធម្ភាគចក្របំពាក់កាំភ្លើងរបស់អាមេរិក។
ការវាយប្រហារចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកបានកើតឡើងចំពេលមានការបាញ់គ្នា ទៅវិញទៅមកកាន់តែខ្លាំងរវាងកម្លាំងសហរដ្ឋអាមេរិក និងយុទ្ធជនគាំទ្រអ៊ីរ៉ង់នៅភាគខាងកើតប្រទេសស៊ីរី។
អ្នកតាមដានសង្គ្រាមបានបន្ថែមឱ្យដឹងថា នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ យុទ្ធជនគាំទ្រអ៊ីរ៉ង់ ៩នាក់ត្រូវបានសម្លាប់ និងទាហានអាមេរិកជាច្រើននាក់រងរបួសក្នុងហេតុការណ៍បាញ់ប្រហារនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២