គ្រាប់រ៉ូកែត ៩គ្រាប់ ធ្លាក់លើមូលដ្ឋានយោធាតួកគី នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖អាជ្ញាធរ​សន្តិសុខ​ឃឺដបាននិយាយថា គ្រាប់រ៉ូកែត ៩គ្រាប់បានធ្លាក់នៅក្បែរមូលដ្ឋានយោធាតួកគី នៅភាគខាងជើងខេត្តនីនីវេនៃប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍ ដោយមិនបណ្តាលឱ្យមានមនុស្សរងរបួស។

នៅក្នុងសេចក្តីថ្លែងការណ៍របស់មន្ត្រីសេវាកម្មប្រឆាំងភេរវកម្ម (CTS) ក្នុងតំបន់ ដែលបានផុសលើបណ្តាញសង្គមហ្វេសបុកមានខ្លឹមសារថា ក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណបានបាញ់គ្រាប់រ៉ូកែតទៅលើមូលដ្ឋានយោធា ហ្ស៊ីកាន ដែលជាមូលដ្ឋានរបស់កម្លាំងតួកគី នៅជិតទីក្រុងបាស្ហីខ្វា ភាគឦសាននៃទីរួមខេត្តនីនីវេ ក្នុងទីក្រុងម៉ូសូល។

នៅក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា គ្រាប់រ៉ូកែតបានធ្លាក់ទៅក្នុងតំបន់មូលដ្ឋានយោធា ដោយមិនបណ្តាលឱមនុស្សរងរបួសនោះទេ។ រថយន្តដឹកគ្រាប់រ៉ូកែតមួយគ្រឿង​ដែល​ឆេះ​អស់​ ត្រូវបានរកឃើញនៅក្នុងតំបន់ចន្លោះភូមិចំនួនពីរ នៅជិតទីក្រុង បាស្ហីខ្វា ដោយវាត្រូវបានដុតដោយភ្លើងរបស់គ្រាប់រ៉ូកែត។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។

ប្រទេសអ៊ីរ៉ាក់បានចោទប្រកាន់លើប្រទេសតួកគីម្តងហើយម្តងទៀតពីការបំពានលើអធិបតេយ្យភាពរបស់ពួកគេ តាមរយៈការចូលទៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់ដោយគ្មាន
ការអនុញ្ញាតិ រាប់បញ្ចូលទាំងវត្តមានយោធាតួកគីនៅក្នុងមូលដ្ឋានបាស្ហីខ្វា។

ជាញឹកញាប់ កម្លាំងតួកគីបានធ្វើប្រតិបត្តិការលើដី វាយប្រហារតាមអាកាស និងការបាញ់កាំភ្លើងធំ ទៅលើតំបន់ឃឺដនៅក្នុងប្រទេសអ៊ីរ៉ាក់ ជាពិសេសលើភ្នំ ខ្វានឌី ដែលជាមូលដ្ឋានសំខាន់របស់គណបក្សពលករឃឺដ។

គួរបញ្ជាក់ផងដែរថា គណបក្សពលករឃឺដដែលបានចុះក្នុងបញ្ចីអង្គការភេរវករដោយប្រទេតួកគី បាន​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​តួ​ក​គី​អស់​រយៈពេល​ច្រើនជាង​៣០​ឆ្នាំ​មក​ហើយ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here