កាលពីថ្ងៃអាទិត្យនេះ អ្នកគង្វាលចៀមជនជាតិឃឺដម្នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាមស្ថិតនៅក្នុងខេត្តកឺកុក (Kirkuk) ដែលជាខេត្តមានជម្លោះ។
ប្រភពពីប៉ូលិសក្នុងខេត្តកឺកុក បានប្រាប់សារព័ត៌មាន Kurdistan 24 ថាឧប្បត្តិហេតុនេះកើតឡើងនៅក្នុងស្រុកឡាយឡាន (Laylan) ខេត្តកឺកុក ជាកន្លែងដែលអ្នកគង្វាលចៀមជនជាតិឃឺដចំនួន៤នាក់ត្រូវបានលបវាយប្រហារដោយពួកជីហាតរដ្ឋអ៊ីស្លាម២នាក់។
ប្រភពបាននិយាយថា ការប៉ះទង្គិចគ្នារវាងភាគីទាំងសងខាងនេះបានបណ្តាលឱ្យអ្នកគង្វាលចៀមម្នាក់ដែលជាទាហានប៉េសមឺហ្គា (Peshmerga) បានស្លាប់ភ្លាមៗ ហើយអ្នកគង្វាលចៀមក៏បានសម្លាប់អ្នកបះបោរម្នាក់វិញផងដែរ។ របាយការណ៍បានប្រាបឱ្យដឹងទៀតថា អ្នកគង្វាលដែលស្លាប់ឈ្មោះហ្សីរ៉ាក់ ហ្សាហៀរ (Zirak Zahir)។ ចំនែកឯជនសកម្មប្រយុទ្ធម្នាក់ទៀតបានរត់គេចខ្លួនមុនពេលកងកម្លាំងទាហានអ៊ីរ៉ាក់មកដល់កន្លែងកើតហេតុ។ យោងតាមសារព័ត៌មានដែល BasNews ទទួលបាន អ្នកគង្វាលចៀមម្នាក់ទៀតក៏បានរងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នានេះផងដែរ។
គួរបញ្ជាក់ថាការវាយប្រហារតែងតែកើតមានឡើងនៅក្នុងទឹកដីដែលមានជម្លោះរវាងរដ្ឋាភិបាលតំបន់ឃឺដ និងរដ្ឋាភិបាលសហព័ន្ធអ៊ីរ៉ាក់ ដែលជាកន្លែងដែលក្រុមរដ្ឋអ៊ីស្លាមតែងតែឆ្លៀតឱកាសធ្វើសកម្មភាពភេរវកម្មប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២