សេចក្តីថ្លែងការណ៍មួយបាននិយាយថា ការវាយប្រហារតាមអាកាសដោយយន្តហោះគ្មានមនុស្សបើករបស់ទួរគីកាលពីថ្ងៃចន្ទនេះបានសម្លាប់សមាជិកគណបក្សពលករឃឺដ (PKK) ចំនួន៤នាក់ស្ថិតនៅក្នុងទីក្រុងស៊ីនចា (Sinjar)។
អង្គភាពប្រឆាំងភេរវកម្មក្នុងតំបន់ឃឺដ បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៥:៤០ល្ងាច ស្ថិតនៅជិតភូមិបារ៉ាវ៉ា (Bahrava) ក្បែរទីក្រុងស៊ីនចា។
សេចក្តីថ្លែងការណ៍បានប្រាប់បន្ថែមទៀតថា យន្តហោះគ្មានមនុស្សបើករបស់ទួរគីបានកំណត់គោលដៅវាយប្រហារលើរថយន្តដែលដឹកសមាជិកគណបក្សពលករឃឺដ ដោយបណ្តាលឱ្យពួកគេ៤នាក់ស្លាប់។
គួររំលឹកផងដែរថានៅព្រឹកថ្ងៃដដែលនេះ យន្តហោះគ្មានមនុស្សបើករបស់ទួរគីក៏បានវាយប្រហារទៅលើអគារមួយស្ថិតនៅខាងក្នុងជំរំ ម៉ាក់មួរ (Makhmour) ភាគខាងត្បូងរដ្ឋធានីអឺប៊ីល (Erbil) បណ្តាលឱ្យមនុស្សជាច្រើននាក់បានស្លាប់ និងរងរបួស។
តួកគីតែងតែកំណត់គោលដៅវាយប្រហារលើសមាជិកគណបក្សពលករឃឺដ ដែលស្ថិតនៅក្នុងតំបន់ផ្សេងៗគ្នានៃតំបន់ឃឺដ ខណៈភាគីទាំងពីរស្ថិតនៅក្នុងជម្លោះយោធាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២