កាលពីព្រឹកថ្ងៃអង្គារនេះ យ៉ាងហោចណាស់គ្រាប់រ៉ូកែតចំនួន៤គ្រាប់បានបាញ់ទៅលើតំបន់បៃតងក្នុងរដ្ឋធានីបាដាដ ខណៈការប៉ះទង្គិចគ្នារវាងក្រុមជីវពលស៊ីអ៊ីតនៅតែបន្ត។
ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខ Media Cell របស់ប្រទេសអ៊ីរ៉ាក់ បានប្រាប់ឱ្យដឹងថាគ្រាប់រ៉ូកែតចំនួន៤គ្រាប់បានធ្លាក់នៅជិតអគារលំនៅដ្ឋានមួយក្នុងតំបន់តំបន់បៃតង។ សេចក្ដីថ្លែងការណ៍បានប្រាប់បន្ថែមថាមិនមានអ្នករងរបួសទេ ប៉ុន្តែធ្វើឱ្យខូចខាតសម្ភារៈមួយចំនួន។
ស្ថានការណ៍កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងរដ្ឋធានីបាដាដចាប់តាំងពីថ្ងៃចន្ទមក នៅពេលដែលបព្វជិតនិកាយស៊ីអ៊ី លោក មុកតាដា អាល់-សាដ (Shia Muqtada al-Sadr) បានប្រកាសលាឈប់ពីនយោបាយ។ បន្ទាប់ពីការប្រកាសនេះអ្នកគាំទ្ររបស់គាត់រាប់ម៉ឺននាក់បានប្រមូលផ្តុំនៅវិមានប្រធានាធិបតី និងអគាររដ្ឋាភិបាលផ្សេងទៀតដើម្បីបន្តការទាមទារឱ្យមេដឹកនាំរបស់ពួកគេ។ លោកសាដ ធ្លាប់បានអំពាវនាវឱ្យមានការរំលាយសភា និងការបោះឆ្នោតមុនកាលកំណត់។
បាតុកម្មបានប្រែក្លាយជាហិង្សាដោយក្រុមជីវពលស៊ីអ៊ីមកពីកន្លែងផ្សេងៗគ្នាដែលប៉ះទង្គិចគ្នាក្នុងនិងក្រៅតំបន់ប៉ៃតង។
យោងតាមព័ត៌មានចុងក្រោយ រហូតមកដល់ពេលនេះមានមនុស្ស២៧នាក់ត្រូវបានសម្លាប់ខណៈជិត២០០នាក់ផ្សេងទៀតរងរបួស។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២