ប្រទេសអាល្លឺម៉ង់៖លោកស្រី គ្រីស្ទីន ឡាមប្រីជ រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាប់នាយករដ្ឋមន្ត្រីអាល្លឺម៉ង់កាលពីថ្ងៃអង្គារថា កម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ មិនអាចបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែននោះទេ បើសិនជាពួកគេចង់រក្សាសមត្ថភាពការពារជាតិខ្លួន។ លោកស្រីបន្ថែមថា ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិម្នាក់ ការយកចិត្តទុកដាក់របស់លោកស្រីគឺផ្តោតលើសន្តិសុខជាតិរបស់ប្រទេសអាល្លឺម៉ង់។
លោកស្រី ឡាមប្រីជ ប្រាប់គណៈរដ្ឋមន្ត្រីអំឡុងកិច្ចប្រជុំកាលពីថ្ងៃអង្គារថា៖”ខ្ញុំត្រូវតែទទួលស្គាល់ ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិម្នាក់ ដែលថា យើងឈានដល់ចំនួនកំណត់នៃជំនួយដែលយើងអាចផ្តល់ចេញពីឃ្លាំង ប៊ុនដេសស្វែរ។ កម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ដែលនៅឃ្លាំង ប៊ុនដេសស្វែរ ដាច់ខាតត្រូវតែអាចធានាសន្តិសុខនៅថ្នាក់តំបន់ និងថ្នាក់ជាតិ ដោយត្រូវប្រាកដថា សន្តិសុខប្រទេសអាល្លឺម៉ង់នៅតែអាចការពារបាន”។
ប្រទេសអាល្លឺម៉ង់បាន និងកំពុងផ្គត់ផ្គង់អាវុធជាច្រើនប្រភេទដល់ទីក្រុងកៀវចាប់តាំងពីមានជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ។ ទីក្រុងបែរឡាំងបានជញ្ជូនប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះស្ទីនចឺរ(Stinger) រថក្រោះបាញ់គ្រាប់ដោយខ្លួនឯងផេនហ្ស័រហប៊ិត ២០០០ និងរថក្រោះកាំភ្លើងប្រឆាំងនឹងយន្តហោះចឺភឺត ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងចំណោមអាវុធជាច្រើនផ្សេងទៀត។
លោកស្រី ឡាមប្រីជ ធ្លាប់និយាយពីមុនមកហើយថា សមត្ថភាពរបស់ឃ្លាំង ប៊ុនដេសស្វែរ ក្នុងការផ្គត់ផ្គង់អាវុធទៅកាន់ទីក្រុង កៀវ គឺមានចំនួនកំណត់។ លោកស្រីក៏ធ្លាប់បានព្រមានកាលពីពាក់កណ្តាលខែកក្កដាមកហើយថា ប្រទេសអាល្លឺម៉ង់មិនអាចជួយបានច្រើននោះទេ។
យ៉ាងណាមិញ លោកស្រី ម៉ារៀរ អាក់ណែស ស្ត្រេក ហ្សីម័រមែន ប្រធានគណៈកម្មាធិការការពារជាតិរបស់សភាអាល្លឺម៉ង់ បានអំពាវនាវដល់រដ្ឋាភិបាលឱ្យបន្តផ្គត់ផ្គង់អាវុធចេញពីឃ្លាំងប៊ុនដេសស្វែរ ទៅកាន់ប្រទេសអ៊ុយក្រែន។ លោកស្រីបាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសអាឡឺម៉ង់អាចរក្សាទុករថក្រោះប្រភេទ ម៉ាដឺរ (Marder) មួយចំនួន ដោយអាវុធយោធាប្រភេទនេះអាចផលិតបន្ថែមបានដោយឧស្សាហកម្មការពារជាតិប្រទេសអាល្លឺម៉ង់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២