ប្រទេសអារ៉ាប៊ីសាអូឌីតដាក់ជនជាតិយេម៉ែន ៥នាក់ក្នុងបញ្ជីអ្នកគាំទ្រក្រុមភេរវករ

0

ប្រទេសអារ៉ាប៊ីសាអូឌីត៖កាលពីថ្ងៃពុធ ប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ចូលឈ្មោះជនជាតិយេម៉ែន ៥នាក់នៅក្នុងបញ្ជីខ្មៅថាជាអ្នកឧបត្ថម្ភដល់ក្រុមភេរវករ ដោយសកម្មភាពរបស់ពួកគេមានជាប់ពាក់ព័ន្ធជាមួយក្រុមឧទ្ទាមហ៊ូធី។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ដោយ​ស្ថាប័ន​សន្តិសុខ​អារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា ប្រធានសន្តិសុខរដ្ឋនៃប្រទេសអារ៉ាប៊ីសាអូឌីតបានចោទប្រកាន់ពួកគេពីបទបំពានច្បាប់ប្រទេស ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មភេរវកម្ម និងការផ្តល់ហិរញ្ញប្បទានរបស់ពួកគេ។

ប្រភពបន្ថែមថា ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ទាំង​អស់​នៅ​ក្នុងប្រទេស​នឹង​ត្រូវ​ជាប់​គាំង ហើយបុគ្គលផ្សេងទៀត និងអង្គការនានានៅក្នុងប្រទេស ត្រូវជៀសវាងធ្វើប្រតិបត្តិការដោយផ្ទាល់ ឬដោយប្រយោលជាមួយពួកគេ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឱ្យដឹងថាជន​ជាតិ​យេម៉ែន​ទាំង ៥​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ ដោយរាប់បញ្ចូលទាំងការជួញដូរអាវុធពីប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសយេម៉ែន ទទួលបាន​ការ​បណ្តុះបណ្តាល​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ គ្រប់គ្រងប្រតិបត្តិការដ្រូន និងគ្រាប់មីស៊ីលជាច្រើនទៀត។

ប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ដណ្តើមការគ្រប់គ្រងនៅខេត្តមួយចំនួនភាគខាងជើង និងបានបង្ខំឱ្យរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតចេញពីរាជធានីសាណា។ ប្រទេសអារ៉ាប៊ីសាអូឌីត បានដឹកនាំកម្លាំងចម្រុះប្រឆាំងនឹងកងជីវពលហ៊ូធីនៅក្នុងប្រទេសយេម៉ែនចាប់តាំងពីឆ្នាំ២០១៥៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here