ប្រទេសអ៊ីស្រាអែល៖យោធាអ៊ីស្រាអែលនិយាយថា ជនជាតិអ៊ីស្រាអែល ៧នាក់រងរបួសក្នុងហេតុការណ៍បាញ់ប្រហារលើរថយន្តរបស់ទាហាននៅក្នុងតំបន់វ៉េសបេងកាលពីថ្ងៃអាទិត្យ។ ឧប្បត្តិហេតុនោះកើតឡើងនៅក្រៅតំបន់តាំងលំនៅ ហាមរ៉ា នៅតំបន់ជ្រលងភ្នំ ហ្ស័រដាន។
អ្នកនាំពាក្យយោធាម្នាក់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហានម្នាក់រងរបួសធ្ងន់នៅពេលដែលឃាតកបានបើកការបាញ់ប្រហារចេញពីរថយន្តដែលឆ្លងកាត់តំបន់នោះ។ ទាហាន៥នាក់ផ្សេងទៀត និងជនស៊ីវិលម្នាក់ រងរបួសស្រាល។
ជនសង្ស័យជាក្មាន់កាំភ្លើងប្រដាប់អាវុធ ២នាក់ត្រូវបានចាប់ខ្លួន ក្រោយពីមានប្រតិបត្តិការប្រមាញ់មួយនៅក្នុងតំបន់ ដោយកម្លាំងសន្តិសុខជឿថា មានមនុស្សជាច្រើននាក់ជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ ហើយសមត្ថកិច្ចនៅតែបន្តប្រតិបត្តិការស្វែងរក។
ក្រោយពេលកើតហេតុ លោក ប៉េនី ហ្កេន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយដោយសង្កត់ធ្ងន់ថា កម្លាំងអ៊ីស្រាអែលនឹងបង្កើនសកម្មភាពប្រឆាំងភេរវកម្មនៅក្នុងតំបន់វ៉េសបេង។
គួររំលឹកផងដែរថា កម្លាំងអ៊ីស្រាអែល បានដណ្តើមយកតំបន់វ៉េសបេងនៅឆ្នាំ១៩៦៧ ក្នុងសង្រ្គាមមជ្ឈិមបូព៌ា និងបានបន្តការគ្រប់គ្រងរបស់ពួកគេ បើទោះបីជាមានការរិះគន់ពីអន្តរជាតិក៏ដោយ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២