ប្រទេសអ៊ីរ៉ាក់៖យោធាអ៊ីរ៉ាក់ម្នាក់និយាយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមសរុប ៥នាក់ រាប់បញ្ចូលទាំងមេដឹកនាំក្នុងតំបន់២នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឲ្យដឹងថា កម្លាំងសន្តិសុខអ៊ីរ៉ាក់បានវាយប្រហារលើទីតាំងលាក់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន២កន្លែង ដោយបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៣នាក់នៅក្នុងទីតាំងលាក់ខ្លួននោះ ក្នុងប្រតិបត្តិការមួយនៅខេត្តគៀរគុក ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
កម្លាំងទ័ពបានរកឃើញឧបករណ៍បំផ្ទុះកែច្នៃចំនួន៤ ខ្សែរក្រវ៉ាត់បំផ្ទុះ១ ម៉ូតូ១គ្រឿង កាមេរ៉ា១គ្រឿង និងសម្ភារៈផ្សេងទៀតនៅកន្លែងលាក់ខ្លួននោះ។ កម្លាំងសន្តិសុខ អនាមិកម្នាក់ប្រាប់ភ្នាក់ងារសារព័ត៌មានថា សមាជិកក្រុមសកម្មប្រយុទ្ធម្នាក់ដែលត្រូវបានសម្លាប់គឺជាមេដឹកនាំសន្តិសុខក្នុងតំបន់ អាល់ ឌីប៊ីស នៅភាគពាយ័ព្យនៃខេត្ត។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់មួយផ្សេងទៀតបានបន្ថែមឱ្យដឹងថា កម្លាំងរួមគ្នារវាងទាហាន និងកម្លាំងទាហានប៉ារ៉ាហាស់ស្ហាប៊ី បានសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងតំបន់ម្នាក់ នៅតំបន់ជ្រលងភ្នំ ហ៊ីមរ៉េន និងសមាជិកក្រុមសកម្មប្រយុទ្ធម្នាក់ផ្សេងទៀត បន្ទាប់ពីបានឡោមព័ទ្ធពួកគេរួចនៅតំបន់ភ្នំស្ថិតជាប់ព្រំដែនរវាងខេត្ត គៀរគុក និងសាឡាស់ហ៊ូឌីន។
កាលពីប៉ុន្មានខែមុន កម្លាំងសន្តិសុខអ៊ីរ៉ាក់បានធ្វើប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមដើម្បីបង្ក្រាបសកម្មភាពរបស់ពួកគេ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចេញផ្សាយថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២