កាលពីថ្ងៃអាទិត្យនេះយន្តហោះចម្បាំងF-16 របស់អ៊ីរ៉ាក់បានសម្លាប់សមាជិកជាន់ខ្ពស់រដ្ឋអ៊ីស្លាមម្នាក់ និងជំនួយការរបស់គាត់២នាក់នៅក្នុងខេត្តកឺកុក (Kirkuk) ដែលជាខេត្តមានជម្លោះរបស់ជនជាតិឃឺដ។
សារព័ត៌មានសន្តិសុខ Media Cell របស់ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានកំណត់អត្តសញ្ញាណមេដឹកនាំ រដ្ឋអ៊ីស្លាម ឈ្មោះថាអាប៊ូ ឌុនយ៉ា (Abu Dunya) ដែលទទួលបន្ទុកសកម្មភាពភេរវកម្មនៅក្នុងតំបន់ ឌីប៊ីស (Dibis) ភាគខាងជើងខេត្តកឺកុក។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា អាប៊ូ ឌុនយ៉ា ត្រូវបានកំណត់អត្តសញ្ញាណ និងតាមដានដោយអង្គភាពស៊ើបការណ៍សម្ងាត់ ហើយគាត់ត្រូវបានគេកំណត់គោលដៅវាយប្រហារតាមអាកាសនៅតំបន់ចាម៉ាន់ (Chaman) ខេត្តកឺកុក ជិតទំនប់ទន្លេខាសា (Khasa)។
គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសបានធ្វើឡើងក្នុងដំណាក់កាលទី៦នៃប្រតិបត្តិការដ៏រឹងមាំដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ដើម្បីលុបបំបាត់ពួកបះបោររដ្ឋអ៊ីស្លាម ដែលនៅសេសសល់ និងជាប្រតិបត្តិការយ៉ាងសំខាន់ស្ថិតនៅក្នុងតំបន់ជនបទនៃខេត្តកឺកុក ខេត្តនីនីវេ (Nineveh) ខេត្តសាឡាហាឌីន (Salahaddin) ខេត្តឌីយ៉ឡា (Diyala) និងខេត្តអាន់បា (Anbar)។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២