ប្រទេសអ៊ីរ៉ង់៖ភ្នាក់ងារសារព័ត៌មាន មៀរ ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទបានថ្កោលទោសយ៉ាងខ្លាំងចំពោះហេតុការណ៍ផ្ទុះគ្រឿងផ្ទុះកែច្នៃនៅខាងក្រៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
នៅក្នុងសារបង្ហាញការអាណិតអាសូរជាមួយរដ្ឋាភិបាលរុស្ស៊ី និងក្រុមគ្រួសាររបស់ជនរងគ្រោះក្នុងហេតុការណ៍វាយប្រហារភេរវកម្ម លោក ណាសឺ កាណានី បានអំពាវនាវដល់មន្ត្រី
អាហ្វហ្កានីស្ថានឱ្យអនុវត្តវិធានការតឹងរឹងបន្ថែមទៀតដើម្បីធានាសន្តិសុខស្ថានទូតនិងបេសកកម្មការទូតក្នុងប្រទេស។
គួរបញ្ជាក់ផងដែរថា មន្ត្រីក្រសួងការបរទេសរុស្ស៊ីបាននិយាយថា បុគ្គលិកស្ថានទូតរុស្ស៊ី ២នាក់នៅទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់ដោយសមាជិកក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណ ដែលបានបំផ្ទុះគ្រឿងផ្ទុះកែច្នៃនៅក្បែរតំបន់បេសកកម្មការទូតកាលពីថ្ងៃច័ន្ទ។
មន្ត្រីក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅម៉ោងប្រមាណជា ១០និង ៥០នាទី ម៉ោងក្នុងតំបន់ នៅជិតច្រកចូលផ្នែកកុងស៊ុលនៃស្ថានទូតរុស្ស៊ី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២