ប្រទេសអ៊ីរ៉ាក់៖យោធាអ៊ីរ៉ាក់និយាយថា សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ១១នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ក្នុងហេតុការណ៍វាយប្រហារតាមអាកាសនៅភាគខាងលិច
និងភាគខាងកើតប្រទេសអ៊ីរ៉ាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ១១នាក់ រាប់បញ្ចូលទាំងមេដឹកនាំក្នុងតំបន់ម្នាក់ត្រូវបានសម្លាប់ និងទីតាំងលាក់ខ្លួនមួយកន្លែងត្រូវបានបំផ្លាញក្នុងការវាយប្រហារនៅតំបន់ អាល់ ចាឡាយយ៉ាត នៅខេត្តអានបា ភាគខាងលិចប្រទេសអ៊ីរ៉ាក់។ ការវាយប្រហារតាមអាកាសធ្វើឡើងដោយផ្អែកលើរបាយការណ៍ចារកម្ម។
បើយោងតាមសេចក្តីថ្លែងការណ៍មួយផ្សេងទៀតរបស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានបញ្ជាក់ថា នៅខេត្តឌីយ៉ាឡាភាគខាងកើតប្រទេសអ៊ីរ៉ាក់យន្តហោះអ៊ីរ៉ាក់បានធ្វើសកម្មភាពដោយផ្អែកលើរបាយការណ៍ចារកម្ម និងវាយប្រហារតាមអាកាសចំនួន ២លើក ទៅលើទីតាំងលាក់ខ្លួននៅលើច្រាំងទន្លេហ៊ីមរ៉ែន បណ្តាលឱ្យសមាជិកក្រុមសកម្មប្រយុទ្ធ ៣នាក់ស្លាប់។ សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមម្នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងហេតុការណ៍ប្រឈមមុខជាមួយកម្លាំងប្រដាប់អាវុធដែលស្វែងរកទីតាំងលាក់ខ្លួនគោលដៅ។ កម្លាំងទ័ពថែមទាំងបានបំផ្លាញម៉ូតូចំនួន ៣គ្រឿង ឧបករណ៍បំផ្ទុះកែច្នៃ និងធុងមួយចំនួនដែលមានផ្ទុកសារធាតុផ្ទុះ។
នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កម្លាំងសន្តិសុខអ៊ីរ៉ាក់ធ្វើប្រតិបត្តិការ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមដើម្បីបង្ក្រាបសកម្មភាពរបស់ពួកគេ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២