កម្លាំង​សូម៉ាលី​​សម្លាប់​ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប ច្រើនជាង​១០០​នាក់​

0

ប្រទេសសូម៉ាលី៖រដ្ឋាភិបាលនិយាយថា មន្ត្រី​ទ័ព​ជាតិ​សូម៉ាលីគាំទ្រដោយយោធាក្នុងតំបន់ ដែលគេហៅថា កម្លាំង ម៉ាអាវីលី បានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប ច្រើនជាង ១០០នាក់ និងរំដោះភូមិបានច្រើនជាងចំនួន២០ភូមិ ក្នុងប្រតិបត្តិការដែលធ្វើឡើងនៅរដ្ឋក្នុងតំបន់ចំនួន២ កាលពីថ្ងៃអាទិត្យ។

ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ និយាយថា ប្រតិបត្តិការទាំងនោះធ្វើឡើងនៅរដ្ឋ​ ហ្កាលមូដុក រដ្ឋហៀរស្ហារបែល និងសៅវ៉េស។

មន្ត្រីក្រសួងលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យនៅក្នុងទីក្រុងម៉ូហ្កាឌីស្យុ មានខ្លឹមសារថា៖ “ក្រុមភេរវករបានប្រើទីក្រុងទាំងនោះជាមូលដ្ឋានសំខាន់សម្រាប់ការវាយប្រហារភេរវកម្មរបស់ពួកគេ ដោយប្រើគ្រឿងផ្ទុះកែច្នៃ គ្រាប់បែកអត្តឃាត នៅទីតាំងផ្សេងៗគ្នានៃប្រទេសសូម៉ាលី”។ ប្រភពបន្ថែមថា ក្រុមសកម្មប្រយុទ្ធបានប្រព្រឹត្តអំពើរឃោរឃៅទៅលើជនស៊ីវិលក្នុងតំបន់ ដោយពួកគេបានចាប់ពង្រត់ សម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិជាច្រើនរបស់ជនស៊ីវិល។

រដ្ឋាភិបាល​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ អាល់ ស្ហារបាប ដែលគំរាមកំហែងដល់ប្រជាជនសូម៉ាលី ចេញពីមូលដ្ឋានកាន់កាប់របស់ពួកគេ។ ក្រសួង និយាយថា៖​ “ក្រុមភេរវករបានប្រព្រឹត្តអំពើឃោរឃៅអស់រយៈពេលច្រើនជាងមួយទសវត្សរ៍ ប្រឆាំងនឹងជនស៊ីវិលនៅក្នុងទីក្រុងដែលពួកគេគ្រប់គ្រង” ។

ក្រុម​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​បាន​ និង​កំពុង​ប្រឈម​នឹង​សម្ពាធ​យ៉ាង​ខ្លាំង​និងរង​ការ​វាយប្រហារ​ពី​កងកម្លាំង​រដ្ឋាភិបាលគាំទ្រដោយកងជីវពលក្នុងស្រុក ដើម្បីបណ្តេញពួកគេចេញពីតំបន់ ហ៊ីរ៉ាន នៅកណ្តាលប្រទេសសូម៉ាលី។

គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធ​ អាល់ស្ហារបាប ត្រូវបានបណ្តេញចេញពីទីក្រុងម៉ូហ្កាឌីស្យុកាលពីឆ្នាំ២០១១ ប៉ុន្តែ​ក្រុម​ភេរវករ​នៅ​តែ​មាន​សមត្ថភាព​ក្នុង​ការ​វាយ​ប្រហារ​កំណត់​គោល​ដៅ​លើ​ទីតាំង​រដ្ឋាភិបាល សណ្ឋាគារ ភោជនីយដ្ឋាន និង​កន្លែង​សាធារណៈជាច្រើន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here