ប្រទេសអ៊ីរ៉ាក់៖ក្រសួងការពារជាតិតួកគីនិយាយកាលពីថ្ងៃចន្ទថា ទាហានតួកគី ៤នាក់ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយគណបក្សពលករឃឺដ (PKK)ខុសច្បាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងមានខ្លឹមសារថា ហេតុការណ៍ប៉ះទង្គិចគ្នានោះបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលកម្លាំងសន្តិសុខតួកគីធ្វើប្រតិបត្តិការស្វែងរកនៅក្នុងតំបន់ដែលកម្លាំងតួកគីកំពុងធ្វើប្រតិបត្តិការឆ្លងព្រំដែន។
ទាហាន ២នាក់ត្រូវបានសម្លាប់ និង ៤នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយសមាជិកគណបក្សពលករឃឺដនៅក្នុងប្រតិបត្តិការ ខ្លរឡក់ ប៉ុន្តែក្រោយមកទៀតអ្នករងរបួស ២នាក់ក្នុងចំណោម ៤នាក់បានស្លាប់នៅមន្ទីពេទ្យ ។
ប្រព័ន្ធផ្សព្វផ្សាយតេអាតេរបស់រដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទថា យ៉ាងណាមិញ លោកវេដាត អាកសាក ដែលជាសមាជិកក្រុមពិឃាតរបស់គណបក្សពលករឃឺដ និងសមជិក ២នាក់ផ្សេងទៀតរបស់ក្រុមនេះ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការតួកគី នៅទីប្រជុំជន ខាលីហ្វាន ដែលជាទីក្រុងមួយស្ថិតនៅភាគខាងជើងខេត្ត អឺប្រីល នៃប្រទេសអ៊ីរ៉ាក់។
យោងតាមរបាយការណ៍ តេអាតេ បានបន្ថែមឱ្យដឹងថា សេវាកម្មស៊ើបការណ៍សម្ងាត់តួកគី បានរកឃើញថា លោក អាក សាក មានផែនការធ្វើដំណើរទៅទីក្រុងជាច្រើនរបស់ប្រទេសតួកគីដើម្បីធ្វើការវាយប្រហារ។
បក្សពលករឃឺដ(PKK) ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវករ ដោយប្រទេសតួកគីសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលច្រើនជាងបីទសវត្សរ៍មកហើយ។
កម្លាំងតួកគីជាញឹកញាប់ធ្វើប្រតិបត្តិការលើដី វាយប្រហារតាមអាកាស និងទម្លាក់គ្រាប់បែកជាច្រើនជាលើក ប្រឆាំងនឹងទីតាំងរបស់ក្រុមឃឺដ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាពិសេសនៅតំបន់ភ្នំ ឃ្វានឌីល ដែលជាមូលដ្ឋានសំខាន់របស់បក្សពលករឃឺដ។
កាលពីខែមេសា ទាហានតួកគីបានបើកប្រតិបត្តិការថ្មីនៅលើដី និងតាមអាកាសឆ្លងកាត់ព្រំដែន ដែលត្រូវបានគេហៅថា ប្រតិបត្តិការ ខ្លរឡក់ ប្រឆាំងនឹងគណបក្សពលករឃឺដ ដោយកំណត់គោលដៅទៅលើតំបន់មេធីណា តំបន់ហ្សាប និងតំបន់អាវ៉ាស៊ីនបេសៀន របស់សមាជិកគណបក្សពលករឃឺដ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២