ប្រទេសប៉ាគីស្ថាន៖ប៉ូលិសនិយាយថា ហេតុការណ៍ផ្ទុះមួយវាយប្រហារលើរថយន្តមួយគ្រឿងនៅស្រុក ស្វាត ភាគពាយ័ព្យនៃខេត្ត ខាប័រ ផាកថុនវ៉ា កាលពីល្ងាចថ្ងៃអង្គារ បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់។
លោក ហ្សាហ៊ីដ ណាវាស់ ម៉ាវ៉ាត ប៉ូលិសប្រចាំស្រុកស្វាតនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនមិនស្គាល់អត្តសញ្ញាណបានវាយប្រហារលើរថន្តរបស់លោក អាយឌ្រីស ខាន ដែលជាសមាជិកគណៈកម្មាធិការសន្តិភាពស្រុក នៅតំបន់ បារ៉ា ប៉េនឌី។ មន្ត្រីប៉ូលិសបាននិយាយថា មនុស្សទាំង ៥នាក់ដែលជិះលើរថយន្ត រាប់បញ្ចូលទាំងលោក ខាន និងសន្តិសុខ ៤នាក់ បានស្លាប់ក្នុងហេតុការណ៍វាយប្រហារនោះ។
មន្ត្រីប៉ូលិសបញ្ជាក់បន្ថែមថា គ្រាប់បែកត្រូវបានបង្កប់លើដងផ្លូវ និងបំផ្ទុះ ដោយប្រើឧបករណ៍បញ្ជាពីចម្ងាយ។ ឆ្មាំដែលត្រូវគេសម្លាប់នោះរួមមានប៉ូលិសពីរនាក់ និងខ្មាន់កាំភ្លើងឯកជនពីរនាក់។
ប៉ូលិស និងកម្លាំងសន្តិសុខបានបិទតំបន់នោះ ដើម្បីបើកប្រតិបត្តិការស្វែងរក។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២