ឧបករណ៍ផ្ទុះកែច្នៃសម្លាប់ជនស៊ីវិល៧២នាក់ ចាប់តាំងពីខែមករាមកនៅក្នុងប្រទេសម៉ាលី

0

ប្រទេសម៉ាលី៖​របាយការណ៍​របស់​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ (UNOCHA) ដែល​​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង ប៉ាម៉ាកូ នៃ​ប្រទេស​ម៉ាលីមានបញ្ជាក់ខ្លឹមសារថា មនុស្សសរុប ៧២នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសម៉ាលី ដោយហេតុការណ៍ផ្ទុះគ្រឿងផ្ទុះកែច្នៃនៅចន្លោះខែមករា និងខែសីហា ឆ្នាំ២០២២។

នៅក្នុងរបាយការណ៍របស់មន្ត្រីសេវាសកម្មភាពមីនរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះសរុបមានចំនួន ២៣៩នាក់ ដោយមានអ្នកស្លាប់ ៧២នាក់ និងអ្នករងរបួស ១៦៧ ត្រូវបានស្រង់ទិន្ន័យកាលពីថ្ងៃទី៣១ ខែសីហា។ ចំណែកឯជនរងគ្រោះកាលពីឆ្នាំ២០២១ មានចំនួនសរុប ៤០០នាក់ ដោយមានអ្នកស្លាប់ ១០៣នាក់ និងអ្នករងរបួស
២៩៧នាក់។

របាយការណ៍ដដែលបន្ថែមឱ្យដឹងថា ចំនួនឧប្បត្តិហេតុទាក់ទងនឹងផ្ទុះមីនដែលបានកត់ត្រាចាប់តាំងពីដើមឆ្នាំនេះត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១៣៤ករណី ខណៈដែលចំនួន ២៤៥ករណីបានកើតឡើងនៅក្នុងឆ្នាំ២០២១។ ការគំរាមកំហែងដោយការបំផ្ទុះនៅតែជាបញ្ហាចម្បងនៅតំបន់កណ្តាលប្រទេសនេះ។ តំបន់ ម៉ូបធី នៅតែជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារគ្រាប់មីនធ្វើដោយដៃ ដោយមាន ៣៧ករណី ត្រូវបានកត់ត្រានៅចន្លោះខែមករា និងខែសីហា។

នៅក្នុងឆ្នាំនេះ ដៃគូក្នុងក្រុមការងារសកម្មភាពមីនមនុស្សធម៌ បានរៀបចំផែនការជំនួយសម្រាប់មនុស្ស ៨២៣ ០០០នាក់ ជាមួយនឹងកញ្ចប់ថវិការ ៣,៤លានដុល្លារអាមេរិក ដែលជាផ្នែកមួយនៃផែនការឆ្លើយតបសម្រាប់ជំនួយមនុស្សធម៌ដែលកំពុងដំណើរការរបស់ពួក។

គួររំលឹកផងដែរថា ប្រទេសម៉ាលីប្រឈមនឹងវិបត្តិសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចតាំងពីឆ្នាំ២០១២ ដោយការបះបោរ ការលុកលុយរបស់ក្រុមជីហាដ និងអំពើហិង្សាអន្តរសហគមន៍ ដែលសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្តាលឱ្យមានការផ្លាស់ទីលំនៅរាប់សែននាក់ផ្សេងទៀត នៅក្នុងប្រទេសអាហ្វ្រិកខាងលិច៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here