ប្រទេសអ៊ីរ៉ាក់៖កម្លាំងទាហាន ប៉ារ៉ា ហាស់ស្ហាប៊ី គាំទ្រដោយរដ្ឋាភិបាលនិយាយថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាលនៅភាគខាងជើងខេត្តនីនេវេ។
យោងតាមការបញ្ជាក់របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ទាហាន ប៉ារ៉ា ហាស់ស្ហាប៊ី បានឱ្យដឹងថា កម្លាំងរួមគ្នារវាងកម្លាំងរដ្ឋាភិបាល និងកម្លាំងទាហានប៉ារ៉ា ហាស់ស្ហាប៊ី បានសម្លាប់ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៣នាក់ ក្រោយពីបានដេញតាមពួកគេនៅក្នុងតំបន់វាលខ្សាច់ ភាគខាងលិចនៃក្រុងម៉ូសូល ដែលមានចម្ងាយប្រមាណជា ៤០០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងបាកដាដ។ កម្លាំងប្រយុទ្ធប៉ារ៉ា ហាស់ស្ហាប៊ី ៤នាក់ បានរងរបួសក្នុងប្រតិបត្តិការនោះ។ កម្លាំងទាហានថែមទាំងបានរឹបអូសយករថយន្តរបស់ក្រុមសកម្មប្រយុទ្ធ ដែលមានផ្ទុកខ្សែរក្រវ៉ាត់បំផ្ទុះ អាវុធ និងគ្រាប់រំសេវជាច្រើន។
នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កម្លាំងសន្តិសុខអ៊ីរ៉ាក់ធ្វើប្រតិបត្តិការ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមដើម្បីបង្ក្រាបសកម្មភាពរបស់ពួកគេ។
ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២