ប្រទេសអ៊ីរ៉ាក់៖ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់កម្លាំងទាហានប៉ារ៉ាហាស់ស្ហាប៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៧នាក់ និងសមាជិករបស់កម្លាំងទាហានប៉ារ៉ាហាស់ស្ហាប៊ីម្នាក់ម្នាក់ ដែលគាំទ្រដោយរដ្ឋាភិបាល ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានៅភាគខាងជើងខេត្តនីនីវេនៃប្រទេសអ៊ីរ៉ាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា អ្នកប្រយុទ្ធរបស់កម្លាំងទាហានប៉ារ៉ាហាស់ស្ហាប៊ី បានប៉ះទង្គិចគ្នាជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលលាក់ខ្លួននៅក្នុងផ្លូវរោងក្រោមដីនៅតំបន់ខ្សាច់ អាល់ ហាត្រា ភាគនិរតីនៃទីក្រុងម៉ូស៊ូល ដែលជាទីក្រុងនៃខេត្តនីនីវេ។
ហេតុការណ៍ប៉ះទង្គិចគ្នាបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ ០៧នាក់នៅក្នុងផ្លូវរូងក្រោមដី ហើយសមាជិកទាហានប៉ារ៉ា ហាស់ស្ហាប៊ីម្នាក់ ត្រូវបានសម្លាប់ រួមទាំង ០៨នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ០២នាក់បានបំផ្ទុះខ្សែក្រវាត់បំផ្ទុះរបស់ពួកគេក្នុងការប៉ុនប៉ងវាយប្រហារលើផ្លូវរូងក្រោមដី។
យ៉ាងណាមិញ លោក យ៉ាហៀរ រ៉ាស៊ូល អ្នកនាំពាក្យអគ្គមេបញ្ជាការនៃកម្លាំងអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្របំពាក់កាំភ្លើងរបស់កងទ័ពបានបំផ្លាញយានជំនិះមួយ និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ០៣នាក់ ក្នុងអំឡុងពេលធ្វើប្រតិបត្តិការឈ្លបយកការណ៍ និងស្វែងរកនៅទីក្រុងនីនីវេ។
នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កម្លាំងសន្តិសុខអ៊ីរ៉ាក់ធ្វើប្រតិបត្តិការ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមដើម្បីបង្ក្រាបសកម្មភាពរបស់ពួកគេ។
ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២