ប្រទេសកាមេរូន៖ប្រភពសន្តិសុខនិយាយកាលពីថ្ងៃចន្ទថា សមាជិកក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមម្នាក់ ដែលជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមធំជាងគេមួយនៅប្រទេសអាហ្វ្រិក
និងជនស៊ីវិល ០២នាក់ត្រូវបានសម្លាប់ក្នុងតំបន់ហ្វាណ័ស ប្រទេសកាមេរូន។
ទាហានម្នាក់និយាយថា កម្លាំងរបស់ពួកគេបានវាយបកចំពោះការវាយប្រហារមួយនៅក្នុងតំបន់ហ្គូដជីឡេ កាលពីយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធម្នាក់។
មន្ត្រីសន្តិសុខក្នុងតំបន់ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ជនសង្ស័យជាក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមម្នាក់ បានសម្លាប់ជនស៊ីវិល ២នាក់ ដែលកំពុងជិះម៉ូតូនៅក្នុងភូមិហ្គូមប៊ូឌី។ ប្រភពព័ត៌មានក្នុងតំបន់បន្ថែមឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធបានបង្កើនការវាយប្រហាររបស់ពួកគេទៅលើជនស៊ីវិលនៅក្នុងតំបន់កាលពីចុងសប្តាហ៍ ដោយលួចគាស់ផ្ទះ និងលួចអាហារនៅក្នុងភូមិមួយចំនួន។
បើតាមរបាយការណ៍សន្តិសុខ និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បានបញ្ជាក់បន្ថែមឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមបានសម្លាប់មនុស្ស ២០០០នាក់ ចាប់តាំងពីពួកគេចាប់ផ្តើមវាយប្រហារនៅក្នុងតំបន់កាលពីឆ្នាំ២០១៤មក៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២