ក្រុមអ្នកឃ្លាំមើលសង្គ្រាមបានបដិសេធលើរបាយការណ៍ដែលអះអាងថាមូលដ្ឋានយោធាអាមេរិកនៅភាគខាងកើតប្រទេសស៊ីរីត្រូវបានវាយប្រហារដោយគ្រាប់រ៉ូកែតកាលពីថ្ងៃអាទិត្យនេះ។
ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ី និងអ៊ីរ៉ង់បានអះអាងកាលពីថ្ងៃអាទិត្យនេះថា គ្រាប់រ៉ូកែតជាច្រើនគ្រាប់បានបាញ់ទៅលើមូលដ្ឋានយោធាអាមេរិកក្បែរអណ្តូងប្រេង អាល់-អូម៉ា (al-Omar) ក្នុងខេត្ត ឌៀ អេហ្ស-ហ្សូរ (Deir Ez-Zor) ភាគខាងកើតប្រទេសស៊ីរី។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានបដិសេធរបាយការណ៍នេះ ហើយបានកត់សម្គាល់ថាការផ្ទុះដែលត្រូវបានគេឮនៅក្បែរមូលដ្ឋានក្នុងអណ្តូងប្រេងអាល់-អូម៉ាគឺបណ្តាលមកពីសមយុទ្ធយោធារួមគ្នារវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) និងសម្ព័ន្ធអន្តរជាតិ។
គួររំលឹកថាកាលពីថ្ងៃទី៦ ខែកញ្ញា យន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រ នៃសម្ព័ន្ធអន្តរជាតិបានហោះហើរក្នុងរយៈកម្ពស់ទាបនៅលើទីវាលកូនីកូ(Koniko)ដែលជាកន្លែងផ្ទុកឧស្ម័នស្ថិតនៅជាយខេត្ត ឌៀ អេហ្ស-ហ្សូរ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២