កម្លាំងទ័ពនីហ្សេរីយ៉ាសម្លាប់ក្រុមសកម្មប្រយុទ្ធជ្រុលនិយម ៣៦នាក់ក្នុងការវាយប្រហារតាមអាកាស

0

ប្រទេសនីហ្សេរីយ៉ា៖មន្ត្រីយោធានិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធជ្រុលនិយម​ ៣៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយកម្លាំងទ័ពនៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។

លោក មូសាដានម៉ាដាម៉ី អ្នកនាំពាក្យសម្រាប់យោធា ប្រាប់អ្នកយកព័ត៌មាននៅសន្និសីទសារព័ត៌មានក្នុងទីក្រុង អាបូចា ថា ការវាយប្រហារតាមអាកាសមានគោលបំណងកំចាត់ក្រុមសកម្មប្រយុទ្ធជ្រុលនិយមទាំងអស់ដែលបង្កបញ្ហានៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។

លោក ដានម៉ាដាម៉ី បន្ថែមថា មេបញ្ជាការ ០២នាក់របស់ក្រុមសកម្មប្រយុទ្ធជ្រុលនិយមបូកូហារ៉ាម និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៃអាហ្រ្វិកខាងលិច ដែលហៅកាត់ថា (ISWAP) ស្ថិតក្នុងចំណោមអ្នកស្លាប់នៅចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា នៅពេលដែលការវាយប្រហារតាមអាកាសបានវាយប្រហារលើតំបន់ព្រៃ សាមប៊ីសា ដែលជាបរិវេនមួយធំបំផុតរបស់ក្រុមសកម្មប្រយុទ្ធសង្ស័យ។

យោងតាមការបញ្ជាក់ពីមន្ត្រីយោធាបានឱ្យដឹងថា ជនស៊ីវិលសរុប ១៣០នាក់ ត្រូវបានសង្គ្រោះក្នុងប្រតិបត្តិការយោធា។ ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមចំនួន ៤៦នាក់ក៏ដូចជា​អ្នកផ្គត់ផ្គង់​ភស្តុភារ​ដែល​សង្ស័យ​ចំនួន ១២នាក់​ដល់​ក្រុម​សកម្មប្រយុទ្ធ ត្រូវបានចាប់ខ្លួន។

ក្រុម ISWAP បានសហការជាមួយក្រុមសកម្មប្រយុទ្ធប្អូនស្រីរបស់ខ្លួន បូកូ ហារ៉ាម ដើម្បីបង្កើតរដ្ឋអ៊ីស្លាមនៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។ ក្រុម​ភេរវករថែមទាំង​បានបង្កើនការ​វាយ​ប្រហារ​របស់ពួកគេ ទៅកាន់ប្រទេសផ្សេងៗទៀតនៅតំបន់ ឡេក ឆាដ បាស៊ីន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here