កម្លាំងសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ស្ហាបាប ៤០នាក់ នៅតំបន់កណ្តាល

0

ប្រទេសូម៉ាលី៖កម្លាំងទ័ពជាតិសូម៉ាលី​គាំទ្រដោយគាំទ្រដោយក្រុមជីវពលគាំទ្ររដ្ឋាភិបាលក្នុងស្រុក ម៉ាវ៉ាយស្លី កាលពីថ្ងៃព្រហស្បតិ៍បានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ស្ហាបាប ៤០នាក់ នៅក្នុងតំបន់ហ៊ីរ៉ាន កណ្តាលប្រទេសូម៉ាលី។
  
មេបញ្ជាការទ័ពជាតិសូម៉ាលី​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​សូម៉ាលី​ថា ក្រុមសកម្មប្រយុទ្ធ ៤០នាក់ ត្រូវបានសម្លាប់អំឡុងពេលប្រយុទ្ធគ្នានៅក្នុងភូមិ សៀល ខាវសល។ អ្នកសារព័ត៌មានស្រង់សម្តីរបស់មេបញ្ជាការមានខ្លឹមសារថា៖ “យើងកំពុងតែស្រាវជ្រាវរកក្រុមសកម្មប្រយុទ្ធជ្រុលនិយម ដែលនៅសេសសល់ ដែលកំពុងតែរត់គេចខ្លួន”។

លោក អេលមី ហាហ្កា ហ្គ័រ ជា​អ្នក​ចាស់​ទុំ​ដ៏​លេចធ្លោ និង​កម្លាំងជា​ជួរ​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ អាល់ស្ហាបាប បាន​ស្លាប់​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​។ លោក ហាហ្កា គឺជាសសរស្តម្ភដ៏រឹងមាំនៅក្នុងប្រតិបត្តិការវាយលុកប្រឆាំងនឹងក្រុមសម្ព័ន្ធមិត្ត អាល់កៃដា ហើយការខិតខំប្រឹងប្រែងរបស់គាត់បានជួយក្នុងការរំដោះតំបន់មួយចំនួន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប នៅក្នុងតំបន់ហ៊ីរ៉ាន។

លោកនាយករដ្ឋមន្ត្រី ហាមហ្សា អាប់ឌី បារ ចាប់តាំងពីពេលនោះមក បានផ្ញើសាររំលែកទុក្ខរបស់គាត់ទៅកាន់ក្រុមគ្រួសារនៃអ្នកបង្កើតសន្តិភាពដែលបានបាត់បង់ជីវិត ដែលជាអ្នកនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការបះបោរ។ លោកអាប់ឌី និយាយថា៖ “អ្នកបង្កើតសន្តិភាពគឺជាគំរូដ៏ល្អនៃការបះបោរដ៏ជោគជ័យរបស់ប្រជាជនសូម៉ាលីដើម្បីរំដោះខ្លួនចេញពីក្រុមប្រឆាំងសន្តិភាព”។

ភូមិ សៀល ខាវសល គឺស្ថិតក្នុងចំណោមភូមិមួយចំនួនដែលត្រូវបានរំដោះ ក្នុង​ប្រតិបត្តិការ​សន្តិសុខ​​នាពេល​ថ្មីៗ​នេះ​នៅ​ភាគ​ខាង​ត្បូង និង​កណ្តាល​ប្រទេស​សូម៉ាលី ដោយ​កម្លាំងរបស់​រដ្ឋាភិបាល និង​អ្នក​ស្រុក។

កាលពីពេលថ្មីៗនេះផងដែរ កម្លាំងរដ្ឋាភិបាលបានបង្កើនការវាយលុកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ដោយបណ្តេញពួកគេចេញពីអតីតបន្ទាយមួយចំនួន ដែលពួកគេបានកាន់កាប់អស់រយៈពេលច្រើនជាងមួយទសវត្សរ៍។

ក្រុមសកម្មប្រយុទ្ធជ្រុលនិយមនៅតែបន្តគ្រប់គ្រងលើផ្នែកខ្លះនៃជនបទភាគខាងត្បូង និងតំបន់កណ្តាលប្រទេសសូម៉ាលី ហើយបន្តធ្វើការវាយប្រហារកម្រិតខ្ពស់នៅទីក្រុង ម៉ូហ្កាឌីស្យុ រដ្ឋធានីនៃប្រទេសសូម៉ាលី និងកន្លែងផ្សេងៗទៀត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here