ប្រទេសប៉ាគីស្ថាន៖នាយកដ្ឋានប្រឆាំងភេរវកម្ម ដែលហៅកាត់ថា (CTD) របស់ប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមភេរវករ ៤នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍បាញ់គ្នាជាមួយប៉ូលិសនៅស្រុក ណាសេរ៉ាបាដ ភាគនិរតីនៃខេត្តបាឡូជីស្ថាន ប្រទេសប៉ាគីស្ថាន។
អ្នកនាំពាក្យនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) បានឱ្យដឹងថា កម្លាំងរបស់នាយកដ្ឋានប្រឆាំងភេរវកម្មបានធ្វើប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ កាលពីល្ងាចថ្ងៃសៅរ៍។ អ្នកនាំពាក្យបាននិយាយថា៖ “ខណៈដែលបុគ្គលិក CTD បិទតំបន់នោះ ក្រុមភេរវករបានចាប់ផ្តើមបាញ់ប្រហារដោយមិនរើសអើងទៅលើភាគីវាយឆ្មក់។ ក្រោយមក កម្លាំងប៉ូលិសវាយបកជាកិច្ចការពារខ្លួន”។
បុគ្គលិក CTD បន្ថែមថា ការបាញ់គ្នាបានបន្តរហូតដល់ជិតមួយម៉ោងកន្លះបណ្តាលឲ្យក្រុមភេរវករ៤នាក់ស្លាប់ ខណៈភេរវករម្នាក់ទៀតបានរត់គេចខ្លួន។ បុគ្គលិក CTD ម្នាក់រងរបួសក្នុងប្រតិបត្តិការនោះ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ បន្ទាប់មកទៀត បុគ្គលិក CTD បានរឹបអូសយករថយន្ត អាវុធ និងគ្រឿងផ្ទុះពីក្រុមភេរវករ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២