កាលពីថ្ងៃអាទិត្យនេះ ក្រុមរដ្ឋអ៊ីស្លាមបានធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយពួកឃឺដស្ថិតនៅក្នុងខេត្តឌៀ អេហ្ស័រ (Deir Ezzor) ភាគឦសាន ប្រទេសស៊ីរី បណ្តាលឲ្យសមាជិកកងកម្លាំងប្រជាធិបតេយ្យស៊ីរីចំនួន៣នាក់រងរបួស។
ឧប្បត្តិហេតុនេះកើតឡើងនៅក្នុងទីក្រុងអាល់-ស (al-Sor) ភាគខាងជើងជាយខេត្ត ឌៀ អេហ្ស័រ ដែលជាកន្លែងដែលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ដែលគេជឿថាជាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានកំណត់គោលដៅវាយប្រហារលើរថយន្តយោធារបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលក្នុងឡានមានសមាជិក និងមេបញ្ជាការកងវរសេនាធំនៃក្រុមប្រឹក្សាយោធាខេត្ត ឌៀ អេហ្ស័រ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានរាយការណ៍ថានៅកន្លែងផ្សេងទៀតនៅក្នុងផ្សារ អាល់ខាដារ៉ា ការ៉េ (al-Khadra Sqaure) ទីប្រជុំជន អាល់ហ្សាហ្ស៊ីរ៉ា (al-Jazeera) ភាគខាងលិចនៃខេត្ត ឌៀ អេហ្ស័រ គ្រាប់បែកកែឆ្នៃបានផ្ទុះឡើងបណ្តាលឱ្យខូចខាតសម្ភារៈ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះឡើយ។
គួរបញ្ជាក់ថាបើទោះបីបានប្រកាសថាបានកម្ចាត់ចោលក្រុមរដ្ឋអ៊ីស្លាមទាំងស្រុងនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០១៧ និងមួយឆ្នាំក្រោយមកនៅប្រទេស៊ីរីក៏ដោយក៏ក្រុមជ្រុលនិយមនៅតែបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល និងកងកម្លាំងសន្តិសុខនៅក្នុងតំបន់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២