ប្រទេសសូម៉ាលី៖មេដឹកនាំប្រទេសសូម៉ាលីកាលពីថ្ងៃចន្ទបានថ្កោលទោសចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតភ្លោះនៅកណ្តាលក្រុង បាឡិដវេនី នៃប្រទេសសូម៉ាលី ដែលយ៉ាងហោចណាស់មនុស្ស ១៥នាក់ត្រូវបានសម្លាប់ និង ២៦ នាក់ផ្សេងទៀតរងរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍ដោយឡែកពីគ្នា លោកប្រធានាធិបតី ហាសាន ស្ហៀក ម៉ូហាមុដ និងលោកនាយករដ្ឋមន្ត្រី ហាមហ្សា អាបឌី បារ បានបញ្ជាឱ្យភ្នាក់ងារសន្តិសុខបង្កើនវិធានការប្រឆាំងភេរវកម្មដើម្បីធានាសន្តិសុខនៅក្នុងប្រទេស។
លោក ម៉ូហាមុដ ក៏បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារ និងសាច់ញាតិរបស់ពលរដ្ឋសូម៉ាលី ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បំផ្ទុះដែលបានកំណត់គោលដៅលើមន្ត្រីមូលដ្ឋាននៅមូលដ្ឋាន ឡាម៉ាហ្គាឡៃ ដែលជាទីស្នាក់ការកណ្តាលរដ្ឋបាលតំបន់ ហៀស្ហារបែល។ លោកបានជូនពរដល់អ្នករបួសឱ្យឆាប់ជាសះស្បើយ និងបានផ្តាំផ្ញើដល់រដ្ឋាភិបាលដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ដល់អ្នកដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។
ការថ្លែងរបស់លោកប្រធានាធិបតីបានធ្វើឡើងខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥ នាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតភ្លោះ ដែលវាយប្រហារកក្រើកបរិវេណរដ្ឋបាលក្នុងតំបន់ បាឡិដវេនី ដែលជាទីក្រុងរដ្ឋបាលបណ្តោះអាសន្ននៃរដ្ឋ ហៀស្ហារបែល នៅ
កណ្តាលប្រទេសសូម៉ាលី។ ប៉ូលិស និងសាក្សី ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលអ្នករបួសមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក អាលី ជ័យថេ អូសម៉េន អភិបាលតំបន់ ហៀរេន បានប្រាប់អ្នកសារព័ត៌មានថា៖ “ការផ្ទុះដំបូងគឺមានរថយន្តផ្ទុកសារធាតុផ្ទុះបើកបរដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដោយបានបុកទ្វារសុវត្ថិភាពទីមួយនៃអគារប្រធានាធិបតី។ ក្រោយមកមានការបំផ្ទុះមួយផ្សេងទៀតកើតឡើងដោយមានរថយន្តដឹកទំនិញដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់អនុប្រធានាធិបតីរដ្ឋ ហៀស្ហារបែល នៅក្នុងបរិវេណមូលដ្ឋានឡាម៉ាហ្គាឡៃ។ អំពើឃោរឃៅរបស់ពួកគេនឹងមិនរំខានយើងពីការងើបឡើងដើម្បីប្រឆាំងនឹងពួកគេនោះទេ”។ លោកបានបន្ថែម និងប្តេជ្ញាថា នឹងបង្កើនប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងតំបន់។
រដ្ឋមន្ត្រីសុខាភិបាល ហៀស្ហារបែល និងអភិបាលរងនៃតំបន់ ហៀរេន ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងការវាយប្រហារនោះ ដែលហេតុការណ៍នោះក៏ត្រូវបានថ្កោលទោសដោយអង្គការ
សហប្រជាជាតិផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ នាយករដ្ឋមន្ត្រី ដែលបានធ្វើជាប្រធានកិច្ចប្រជុំសន្តិសុខបន្ទាន់មួយបន្ទាប់ពីមានហេតុការណ៍ផ្ទុះ បានថ្កោលទោសចំពោះការវាយប្រហារ ដែលលោកបាននិយាយថាមានគោលបំណងបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពប្រទេសសូម៉ាលី។
លោក អាបឌី និយាយថា៖ “ការវាយប្រហារនេះគឺជាភស្តុតាងបង្ហាញថា ក្រុមភេរវករនៅតែស្រេកឃ្លានក្នុងការបង្ហូរឈាមប្រជាជនសូម៉ាលី ហើយពួកគេចង់បំបាក់ទឹកចិត្តប្រជាជន ដែលបានក្រោកឈរឡើងសម្រាប់ជីវិតរបស់ពួកគេ។ ឈាមរបស់មនុស្សដ៏មានតម្លៃរបស់យើងដែលអ្នកវាយប្រហារបង្ហូរជារៀងរាល់ថ្ងៃនឹងមិនបង្ហូរចោលទទេៗនោះឡើយ។”
ការវាយប្រហារចុងក្រោយបំផុតបានកើតឡើងនៅរយៈពេលពីរថ្ងៃបន្ទាប់ពីមានការសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប លោក អាប់ដូឡាស់ហ៊ី ណេឌៀរ ដោយកង កម្លាំងរដ្ឋាភិបាល និងដៃគូអន្តរជាតិ កាលពីថ្ងៃសៅរ៍ក្នុងអំឡុងប្រតិបត្តិការមួយនៅតំបន់
ម៉ីឌល ចូបា។
គួររំលឹកផងដែរថា កម្លាំងរដ្ឋាភិបាលបានធ្វើប្រតិបត្តិការជាច្រើននៅក្នុងទីក្រុង បាឡិដវេនី កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ អាល់ស្ហាបាប ដោយរំដោះបានភូមិច្រើនជាង ៤០ភូមិ និងបានសម្លាប់សមាជិកក្រុមសកម្មច្រើនជាង ២០០នាក់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២