ប្រទេសនីហ្សេរីយ៉ា៖មន្ត្រីនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធជ្រុលនិយម ១៩នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម ដោយទាហាននៅតំបន់ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ក្នុងរយៈពេល ២សប្តាហ៍កន្លងមក។
លោក មូសា ដានម៉ាដាម៉ី អ្នកនាំពាក្យយោធា បានប្រាប់អ្នកយកព័ត៌មាននៅសន្និសីទសារព័ត៌មានក្នុងទីក្រុងអាប៊ុចាថា ការវាយប្រហារតាមអាកាសដោយកម្លាំងទ័ព បានកំណត់គោលដៅទៅលើតំបន់របស់ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅអាហ្វ្រិកខាងលិច (ISWAP) ក្នុងទីក្រុងកូឡារ៉ាម និងទីក្រុងបូកាមឺរ៉ាម ដែលជាទីក្រុង ២ស្ថិតនៅភាគខាងជើងរដ្ឋបូណូ។
លោក ដានម៉ាដាម៉ី បន្ថែមថា ការវាយប្រហារនោះបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ ១៩នាក់ ហើយសមាជិកក្រុមសកម្មប្រយុទ្ធផ្សេងទៀតបានរត់ចោលគ្នាដោយភាពច្របូកច្របប់។
មន្ត្រីយោធាបាននិយាយថា ជនស៊ីវិល១៤នាក់ ដែលត្រូវបានចាប់ខ្លួនយកទៅជំរំរបស់ក្រុមសកម្មប្រយុទ្ធ ត្រូវបានជួយសង្គ្រោះក្នុងអំឡុងពេលប្រតិបត្តិការយោធា។ លោក ដាម៉ី បានបញ្ជាក់បន្ថែមឱ្យដឹងថា យ៉ាងហោចណាស់ ក្រុមសកម្មប្រយុទ្ធជ្រុលនិយម ៧៩នាក់ ត្រូវបានចាប់ខ្លួន និងសមាជិកក្រុមសកម្មប្រយុទ្ធច្រើនជាង ៤០០នាក់ រួមទាំងគ្រួសាររបស់ពួកគេ បានលើកទង់សចុះចូលជាមួយកម្លាំងយោធាក្នុងអំឡុងពេលប្រតិបត្តិការនោះ។ ក្រុមសកម្មប្រយុទ្ធទាំងនោះនឹងត្រូវបានរាយការណ៍ពីសកម្មភាពបន្តបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ក្រុមរដ្ឋអ៊ីស្លាមនៅអាហ្វ្រិកខាងលិច (ISWAP) បានសហការជាមួយក្រុមសកម្មប្រយុទ្ធជិតស្និតបំផុតគឺក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម ដើម្បីបង្កើតក្រុមរដ្ឋអ៊ីស្លាមនៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។ ក្រុមភេរវករថែមទាំងបានពង្រីកការវាយប្រហាររបស់ពួកគេទៅកាន់ប្រទេសផ្សេងទៀតនៅតំបន់ឡេកឆាងបាស៊ីន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២