កម្លាំងចារកម្មតួកគី សម្លាប់សមាជិកជាន់ខ្ពស់របស់ក្រុមកងជីវពលឃឺដនៅភាគខាងជើងប្រទេសស៊ីរី

0

ប្រទេសតួកគី៖បណ្តាញផ្សព្វផ្សាយព័ត៌មានរដ្ឋ តេអាតេ បានរាយការណ៍ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អង្គភាព​ស៊ើបការណ៍​សម្ងាត់​តួកគីបានសម្លាប់សមាជិកជាន់ខ្ពស់ម្នាក់របស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) នៅភាគខាងជើងប្រទេសស៊ីរី។

អ្នកយកព័ត៌មានស្រង់សម្តីរបស់កម្លាំងសន្តិសុខមានខ្លឹមសារថា លោក ហាសាន ដឺមេថាស (Hasan Demertas) ដែលទទួលបន្ទុកប្រតិបត្តិការរបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) នៅទីក្រុងកូបានី ភាគខាងជើងប្រទេសស៊ីរី ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការមួយនៅទីក្រុង អាន់ អាល់ អារ៉ាប់។

យ៉ាងណាមិញ ក្រសួងការពារជាតិតួកគីបាននិយាយថា កម្លាំងរបស់ពួកគេបានសម្លាប់សមាជិករបស់អង្គភាពការពារប្រជាជនឃឺដស៊ីរី ៩នាក់ នៅក្នុងប្រតិបត្តិការ អឺប្រាត ស្ហែល និងប្រតិបត្តិការ ភីស ស្ព្រីង ស្ហែល កាលពីថ្ងៃព្រហស្បតិ៍។

សារព័ត៌មាន តេអាតេ បញ្ជាក់ថា លោក ដឺមេថាស បានចូលរួមជាមួយគណបក្សពលករឃឺដ (PKK) ខុសច្បាប់ កាលពីឆ្នាំ២០១១ ហើយបានធ្វើប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងតំបន់ជនបទនៃខេត្ត ហាក់ការ៉ី  និងខេត្ត ថូនសែលី ភាគអាគ្នេយ៍នៃប្រទេសតួកគី រួមទាំងនៅភ្នំ ហ្សាក្រូស នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ប្រទេសតួកគីបានចេញដីកាចាប់ខ្លួនលោក ដឺមេថាស  ក្នុងករណីប្រតិបត្តិការលើដី ដែលថា លោកធ្លាប់បានចូលរួមការវាយប្រហារនៅក្នុងសង្កាត់អូវ៉ាស៊ីក ខេត្ត ថូនសែលី ដោយបានសម្លាប់រដ្ឋអាជ្ញាតួកគី លោក ម៉ូរ៉ាត អូហ្សុន  និងអ្នកបើកបរតាក់ស៊ីម្នាក់។

ទីក្រុងអង់ការ៉ា បានចាត់ទុកអង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) ថា ជាសាខារបស់គណបក្សពលករឃឺដ (PKK) ខុសច្បាប់។

គណបក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវករ​ ដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​

តួកគី​អស់​រយៈពេល​ជាង​បី​ទសវត្សរ៍​មក​ហើយ។ ចំណែកឯ កម្លាំងតួកគី ជាញឹកញាប់បានធ្វើប្រតិបត្តិការលើដី ការវាយប្រហារតាមអាកាស និងការទម្លាក់ គ្រាប់បែក ប្រឆាំងនឹងទីតាំងរបស់ក្រុមកងជីវពល នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាពិសេស នៅភ្នំ ខ្វានឌីល ដែលជាមូលដ្ឋានសំខាន់របស់គណបក្សពលករឃឺដ (PKK)។

គួររំលឹកផងដែរថា ទាហានតួកគីធ្លាប់បើកប្រតិបត្តិការអឺប្រាត ស្ហែល (Euphrates Shield) នៅឆ្នាំ២០១៦  ប្រតិបត្តិការអូលីវ ប្រេន (Operation Olive Branch) នៅឆ្នាំ២០១៨ ប្រតិបត្តិការ ភីស ស្ព្រីង នៅឆ្នាំ២០១៩ និងប្រតិបត្តិការ ស្ព្រីង ស្ហែល (Spring Shield) នៅឆ្នាំ២០២០ នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីបង្កើតតំបន់គ្មានអង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) តាមព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាង៕

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here