ប្រទេសតួកគី៖សារព័ត៌មានរដ្ឋតេអាតេបានរាយការណ៍ថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់តួកគីកាលពីថ្ងៃចន្ទបានចាប់ខ្លួនសមាជិកម្នាក់នៃគណបក្សពលករឃឺដ (PKK) ខុសច្បាប់ នៅក្នុងខេត្ត ស៊ីនចា ភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ប្រភពដដែលបានបន្ថែមថា អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគី ដែលហៅកាត់ថា (MIT) បានចាប់ខ្លួនលោក សេកដា កាយ៉ា ដែលទទួលបន្ទុកផ្នែកដឹកជញ្ជូនរបស់គណបក្សពលករឃឺដនៅក្នុងតំបន់ ស៊ីនចា។
លោក កាយ៉ា បានចូលរួមជាមួយគណបក្សពលករឃឺដកាលពីឆ្នាំ២០១៥ និងបានចូលរួមក្នុងការវាយប្រហារនៅតំបន់ហ្ការ៉ា ប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០១៦ និងវាយប្រហារនៅតំបន់ស៊ីនចា កាលពីឆ្នាំ២០១៧។ លោកថែមទាំងធ្លាប់បម្រើការជាអ្នកបាញ់កាំភ្លើងពីចម្ងាយ នៅក្នុងគណបក្សពលករឃឺដ (PKK) ខុសច្បាប់។
កាលពីពេលថ្មីៗនេះ អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគីបានបង្កើនប្រតិបត្តិការឆ្លងព្រំដែនរបស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ កាលពីថ្ងៃអាទិត្យនេះផងដែរ អង្គការស៊ើបការណ៍សម្ងាត់ថែមទាំងបានសម្លាប់លោក អូឃេស ដេវើរ៉ី ដែលជាសមាជិកគណបក្សពលករឃឺដ ទទួលបន្ទុកគណៈកម្មាធិការសុខភាព និងជាអង្គរក្សរបស់លោក កៃហាន កាតថល ក្នុងប្រតិបត្តិការឆ្លងដែននៅតំបន់ ហ្គារ៉ា។
កម្លាំងតួកគីធ្វើប្រតិបត្តិការជាញឹកញាប់នៅលើគោក ការវាយប្រហារតាមអាកាស និងការទម្លាក់គ្រាប់បែក ប្រឆាំងនឹងទីតាំងរបស់គណបក្សពលករឃឺដ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាពិសេសនៅភ្នំ ឃ្វានឌីល ដែលជាមូលដ្ឋានរបស់គណបក្សពលករឃឺដ។
គួរំលឹកផងដែរថា គណបក្សពលករឃឺដ(PKK)ដែលត្រូវបានចាត់ទុកថាជាអង្គភាពភេរវករដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាងបីទសវត្សរ៍មកហើយ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២