ប្រទេសសូម៉ាលី៖មន្ត្រីទ័ពជាតិសូម៉ាលីបាននិយាយកាលពីថ្ងៃចន្ទថា កម្លាំងរបស់ពួកគេបានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប ច្រើនជាង ២០០នាក់ ក្នុងអំឡុងពេលប្រតិបត្តិការដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅក្នុងស្រុក ប៊ូឡាបឺត នៅតំបន់កណ្តាលប្រទេសសូម៉ាលី កាលពីថ្ងៃអាទិត្យ។
ភ្នាក់ងារសារព័ត៌មានរបស់រដ្ឋបានចុះផ្សាយថា ក្រុមសកម្មប្រយុទ្ធគ្រោងនឹងបិទផ្លូវរវាងស្រុក បេឡិដវ៉េនី និងបូឡាបឺត និងធ្វើការវាយប្រហារ ក៏ប៉ុន្តែកម្លាំងសូម៉ាលីទទួលព័ត៌មានសម្ងាត់ទាន់ពេលវេលា និងបានរារាំងការវាយប្រហារនោះ។
ភ្នាក់ងារសារព័ត៌មានសូម៉ាលីបានរាយការណ៍ថា៖“គោលបំណងរបស់ពួកគេគឺបិទផ្លូវរវាងទីក្រុងបេឡិដវ៉េនី និងបូឡាបឺត។ ប៉ុន្តែពួកគេបានគិតខុស ហើយត្រូវបញ្ចប់ដោយការបាញ់គ្នា”។ កម្លាំងសូម៉ាលីគាំទ្រដោយកងជីវពលគាំទ្ររដ្ឋាភិបាលបានរំដោះច្រើនជាង ៤០ភូមិ និងបានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហារបាប ច្រើនជាង ៥០០នាក់ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះក្នុងប្រតិបត្តិការនៅកណ្តាលប្រទេសសូម៉ាលី។
គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធបានបាត់បង់ដីទៅរដ្ឋាភិបាលសូម៉ាលី និកងទ័ពសហភាពអាហ្រ្វិកកាលពីប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែពួកគេនៅតែអាចគ្រប់គ្រងលើទឹកដីមួយចំនួននៅភាគខាងត្បូង និងកណ្តាលប្រទេសសូម៉ាលី៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២