ប្រទេសនីហ្សេរីយ៉ា៖មន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ក្មាន់កាំភ្លើងជាច្រើននាក់ ត្រូវបានសម្លាប់ បន្ទាប់ពីមានការវាយប្រហារតាមអាកាសដោយកម្លាំងយោធានីហ្សេរីយ៉ា នៅភាគខាងជើងរដ្ឋ កាឌូណា។
លោ ម៉ូសា ដានម៉ាដាម៉ី អ្នកនាំពាក្យយោធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ដោយបានកំណត់គោលដៅលើទីតាំងលាក់ខ្លួនរបស់ក្រុមប្រដាប់អាវុធមួយចំនួននៅក្នុងតំបន់រដ្ឋាភិបាល ហ្គីវ៉ា ដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់។
លោ ម៉ូសា ដានម៉ាដាម៉ី បាននិយាយថា ក្មាន់កាំភ្លើងទាំងនោះបានផ្លាស់ប្តូរទីតាំងទៅកាន់រដ្ឋ កាដូណា បន្ទាប់ពីមានប្រតិបត្តិការយោធាជាច្រើន ត្រូវបានពង្រឹងកាលពីពេលថ្មីៗនេះនៅប្រទេសជិតខាង នីហ្សេ។
ក្រុមក្មាន់កាំភ្លើងជាច្រើននាក់ រាប់បញ្ចូលទាំងមេដឹកនាំ និងទាហានថ្មើរជើង ត្រូវបានសម្លាប់ ក្នុងហេតុការណ៍វាយប្រហារតាមអាកាសនោះ ដោយមេបញ្ជាការយោធាបានលើកទឹកចិត្តដល់សាធារណជនក្នុងការផ្តល់ព័ត៌មានជឿទុកចិត្តបាន និងទាន់ពេលវេលាស្តីពីសកម្មភាពឧក្រិដ្ឋកម្មនានា ទៅដល់កម្លាំងទ័ព។
គួររំលឹកផងដែថា កាលពីពេលថ្មីៗនេះ អំពើចោរកម្ម ការចាប់ជំរិត និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗទៀត បានវាយប្រហារលើផ្នែកខ្លះនៃប្រទេសអាហ្វ្រិកដែលមានប្រជាជនច្រើនបំផុត។ កម្លាំងយោធាបាននិយាយថា ពួកគេបានគ្រប់គ្រងស្ថានការណ៍ជាមួយនឹងប្រតិបត្តិការជាច្រើនបន្តបន្ទាប់ប្រឆាំងនឹងខ្មាន់កាំភ្លើង៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២