ប្រទេសកេនយ៉ា៖ប៉ូលិសបានបញ្ជាក់ឱ្យដឹងថា គ្រូបង្រៀនជនជាតិកេនយ៉ា ៣នាក់បាត់ខ្លួន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប វាយប្រហារនៅសាលារៀនក្នុងស្រុក ម៉េនដឺរ៉ា ក្បែរព្រំដែនប្រទេសសូម៉ាលីកាលពីព្រឹកថ្ងៃពុធ។
លោក ចច សេដា មេបញ្ជាការប៉ូលិសភាគឦសាន បាននិយាយថា ក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធធុនធ្ងន់បាននិយាយថា ពួកគេបានជំរុញឱ្យគ្រូបង្រៀន ០៣នាក់រត់គេចខ្លួន បន្ទាប់ពីគ្រូបង្រៀនដែលមិនមែនជាអ្នកស្រុកទាំងនោះ(គ្រីស្ទាន)មានវត្តមាននៅសាលាបឋមសិក្សាលីបេហ៊ីយ៉ា។ លោក សេដា បាននិយាយថា៖ “គ្រូបង្រៀនទាំងនោះ មិនអាចទាក់ទងបានទេឥឡូវនេះ បន្ទាប់ពីពួកគេបានរត់ក្នុងទិសដៅផ្សេងគ្នា ក្រោយពីមានការវាយប្រហារ។ ហេតុការណ៍នោះបានកើតឡើងនៅម៉ោងប្រមាណជា ២ព្រឹក”។
លោក បន្ថែមឱ្យដឹងទៀតថា ការវាយប្រហាររងការរំខានដោយក្រុមមន្ត្រីនគរបាលជាតិប្រចាំតំបន់ ដែលបានឆ្លើយតបនិងចូលរួមវាយបកលើអ្នកវាយប្រហារទាំងនោះក្នុងពេលប្រយុទ្ធគ្នា។ ក្រុមសកម្មប្រយុទ្ធដដែលនោះបានវាយប្រហារកំណត់គោលដៅលើបង្គោលប្រព័ន្ធទំនាក់ទំនងនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបមួយ ប៉ុន្តែក៏ត្រូវបានលុបចោលផងដែរដោយសារតែកម្លាំងបម្រុងក្តាប់បានស្ថានការណ៍។
ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ជាញឹកញាប់បំផ្លាញបង្គោលទូរគមនាគមន៍ ដើម្បីរំខានដល់ការឆ្លើយតបរបស់ប៉ូលិស និងការប្រាស្រ័យទាក់ទងគ្នាក្នុងតំបន់តាមបណ្តោយព្រំដែនរួម មុនពេលពួកគេអាចបង្កគ្រោះថ្នាក់ដល់អ្នកស្រុក។
គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប បាននិងកំពុងវាយប្រហារនៅកន្លែងផ្សេងទៀត ជាពិសេសនៅតំបន់ម៉េនដឺរ៉ា តំបន់វ៉ាចឺ និងតំបន់ហ្ការីសា នៅភាគខាងជើងប្រទេសកេនយ៉ា បន្ទាប់ពីការបំពានលើតំបន់សន្តិសុខ ដែលបណ្តាលឲ្យជនស៊ីវិល និងមន្ត្រីសន្តិសុខរាប់សិបនាក់ស្លាប់ និងរបួស៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២