កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានរាយការណ៍ថា យ៉ាងហោចណាស់សមាជិកម្នាក់នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដបានស្លាប់នៅក្នុងការបាញ់ផ្លោងរបស់តួកគីដែលស្ថិតនៅភាគខាងជើងទីក្រុងរ៉ាកា (Raqqa)។
ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានបន្ថែមថា ការទម្លាក់គ្រាប់បែករបស់តួកគីយ៉ាងខ្លាំងបានកំណត់គោលដៅលើកងកម្លាំងជួរមុខរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីស្ថិតនៅតំបន់ជនបទអៀន អ៊ីសា (Ain Issa) ភាគខាងជើងទីក្រុងរ៉ាកា។
ការបាញ់ផ្លោងរបស់តួកគីបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី នេះបើយោងតាមក្រុមសង្កេតការណ៍។
ទោះបីជាតួកគីឈានដល់បទឈប់បាញ់ជាផ្លូវការជាមួយរុស្ស៊ីដើម្បីបញ្ចប់ប្រតិបត្តិការរបស់ខ្លួននៅភាគឦសាននៃប្រទេសស៊ីរីក៏ដោយ ក៏ទីក្រុងអង់ការ៉ានៅតែបន្តបាញ់ផ្លោងទៅផ្លោងមកជាមួយកងកម្លាំងឃឺដ។
គួររំលឹកថាកាលពីថ្ងៃទី ០៣ ខែតុលា ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានរាយការណ៍ថាទាហានតួកគីម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់កម្លាំងប្រជាធិបតេយ្យស៊ីរីស្ថិតនៅក្នុងភូមិខាន់ (Khan) ភាគខាងលិចនៃទីក្រុង តែល អាប៊ីយ៉ាដ (Tel Abyad)។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២