កម្លាំងសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ច្រើនជាង ៥០នាក់ ក្នុង​ការ​វាយ​ប្រហារ​លើ​មូលដ្ឋាន​ទ័ព

0

ប្រទេសសូម៉ាលី៖កម្លាំងទ័ពជាតិសូម៉ាលីបាននិយាយកាលពីថ្ងៃពុធថា កម្លាំងរបស់ពួកគេបានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់​ស្ហាបាប ច្រើនជាង ៥០នាក់ ក្នុងហេតុ​ការណ៍​វាយ​ប្រហាររបស់​ភេរវករ​មិន​បាន​សម្រេចទៅ​លើ​មូលដ្ឋាន​ទ័ព​នៅ​ភូមិ​មួយ​ក្នុង​តំបន់ហ៊ីរ៉ាន ភាគ​កណ្តាល​ប្រទេស​សូម៉ាលី។

លោក អូដូវ៉ា យូសូហ្វ រេច ប្រធាន​កម្លាំង​ការពារ​ជាតិ​បាននិយា​ថា ការ​វាយ​ប្រហារ​ពេល​ព្រឹក​ព្រលឹម​នៅ​មូលដ្ឋាន​កងទ័ព​ដែល​មាន​ទីតាំង​នៅ​ភូមិ យ៉ាសូម៉េន បាន​បណ្តាល​ឲ្យ​ទាហាន ៣នាក់​ស្លាប់។ លោក យូសូហ្វ ប្រាប់វិទ្យុ អេស អ៊ិន អេ ថា៖ “កម្លាំងរបស់យើងបានកម្ចាត់ក្រុមភេរវករ និងសម្លាប់សមាជិករបស់ពួកគេ ៥០នាក់ ដែលប៉ុនប៉ងវាយឆ្មក់លើមូលដ្ឋានទ័ព” ។ លោកបន្ថែមថា ប្រតិបត្តិការ​យោធា​ដែល​កំពុង​បន្ត​នឹង​ត្រូវ​បាន​រឹត​បន្តឹង​ក្នុង​តំបន់​ដើម្បី​កម្ចាត់​ភេរវករ​ទាំងអស់​ ដែល​បាន​និង​កំពុង​វាយប្រហារ​ភេរវកម្ម​ក្នុង​តំបន់។

​ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា កម្លាំងទ័ពជាតិគាំទ្រដោយកងកម្លាំងមូលដ្ឋានបានទទួលព័ត៌មានសម្ងាត់អំពីការវាយប្រហារដែលនឹងមកដល់ ប៉ុន្តែ​បាន​ធ្វើ​ចលនា​យ៉ាង​រហ័ស និង​បាន​បង្ក្រាបក្រុម​បះបោរ​ដោយ​ជោគជ័យ។ មន្ត្រីក្រសួង​បាន​និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បាន​កើត​ឡើង​នៅ​ភូមិ យ៉ាសូម៉េន​ ដែលមានចម្ងាយប្រមាណជា ៣៥គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទីក្រុងប៊ូឡាបឺត។

គួរបញ្ជាក់ផងដែរថា កម្លាំងសូម៉ាលីគាំទ្រដោយកងជីវពលគាំទ្ររដ្ឋាភិបាលបានរំដោះភូមិច្រើនជាង ៤០ភូមិ និងបានសម្លាប់ក្រុមភេរវករ អាល់ ស្ហាបាប ច្រើនជាង ៥០០នាក់ក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ។ ក្រុមសកម្មប្រយុទ្ធបានបាត់បង់ការគ្រប់គ្រងទឹកដីទៅឱ្យរដ្ឋាភិបាលសូម៉ាលី និងកម្លាំងទ័ពសហភាពអាហ្វ្រិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែពួកគេនៅតែអាចបន្តគ្រប់គ្រងលើទឹកដីមួយចំនួននៅភាគខាងត្បូង និងកណ្តាលសូម៉ាលី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here