នៅថ្ងៃចន្ទនេះ យ៉ាងហោចណាស់កុមារម្នាក់ត្រូវបានសម្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស នៅក្នុងខេត្តមានជម្លោះកឺកុក (Kirkuk) ដោយសារការផ្ទុះគ្រាប់បែក។
លោកកាវ៉ា ហ្គារីប (Kawa Gharib) មេបញ្ជាការប៉ូលិសខេត្តកឺកុក បានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន BasNews ថា គ្រាប់បែកនេះបានផ្ទុះនៅកន្លែងចាក់សំរាមស្ថិតនៅក្នុងភូមិ អាឌីលីយ៉ា (Adiliyah) សង្កាត់យ៉ៃឈី (Yaichi) បន្ទាប់ពីក្មេងៗជាច្រើនបានដុតកន្លែងចាក់សំរាម។
មន្ត្រីឃឺដរូបនេះបានប្រាប់ឱ្យដឹងទៀតថា កុមារម្នាក់បានស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួសក្នុងការផ្ទុះនេះ។
ចំណែកសារព័ត៌មាន BasNews បានទទួលព័ត៌មានថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២នាក់បន្ទាប់ពីអ្នករងរបួសម្នាក់បានបាត់បង់ជីវិត។
វាមិនច្បាស់ទេថា តើគ្រាប់បែកដែលផ្ទុះនេះត្រូវបានគេទុកចោលក្នុងកន្លែងចាក់សំរាមដោយចេតនា ឬវាត្រូវបានបោះចោលក្នុងតំបន់នោះ។
គួររំលឹកថាកាលពីខែសីហាកន្លងទៅនេះ ការផ្ទុះគ្រាប់កាំភ្លើងត្បាល់បានសម្លាប់កុមារម្នាក់ និងម្នាក់ទៀតរងរបួសស្ថិតនៅក្នុងភូមិតាឡាសស (Talalsus) ស្រុកតាហ្សា (Taza) ខេត្តកឺកុក។
ជាងនេះទៅទៀត មួយសប្តាហ៍មុនឧប្បត្តិហេតុខាងលើនេះ មានហេតុការណ៍បំផ្ទុះគ្រាប់បែកបានសម្លាប់កុមារ ៣នាក់ និងម្នាក់ទៀតរងរបួស្ថិតនៅក្នុងភូមិអារ៉ាប់ហ្វារ៉ាច (Arab Faraj) ក្រុងចាឡាឡា (Jalawla) ខេត្តឌីយ៉ាឡា (Diyala)។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២