ប្រទេសប៉ាគីស្ថាន៖ អាជ្ញាធរបាននិយាយថា ក្រុមភេរវករ ៧នាក់ ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខនៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មចំនួន២ ផ្សេងគ្នានៅប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។
នាយកដ្ឋានប្រឆាំងភេរវកម្មនៃអង្គភាពប៉ូលិសបាននិយាយថា កាលពីថ្ងៃអាទិត្យកម្លាំងសន្តិសុខ បានវាយឆ្មក់លើទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករនៅស្រុកម៉ាស្តាងខេត្តប៉ាឡូជីស្ថាន ភាគនិរតីនៃប្រទេស។ ក្នុងអំឡុងពេលបាញ់គ្នា ក្រុមភេរវករ ៦នាក់ត្រូវបានសម្លាប់ ខណៈដែលមនុស្ស៣នាក់ផ្សេងទៀតបានលាក់ខ្លួននៅក្នុងតំបន់ងងឹត។
មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបានបន្ថែមថា អាវុធ និងគ្រាប់រំសេវត្រូវបានរឹបអូសពីទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ និងបានសម្លាប់ក្រុមភេរវករដែលបានរៀបចំគម្រោងវាយប្រហារទ្រង់ទ្រាយធំមួយនៅក្នុងរាជធានី ឃ្វេតថា នៃខេត្តប៉ាឡូជីស្ថាន។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអាទិត្យថា នៅក្នុងប្រតិបត្តិការដោយឡែកមួយផ្សេងទៀត ក្រុមភេរវករត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ក្នុងប្រតិបត្តិការដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ នៅតំបន់ ជេនី ខែល នៃស្រុក បាននូ ភាគនិរតីនៃខេត្តខាយប័រផាកថុនវ៉ា។
ប្រភព ISPR បានបន្ថែមឱ្យដឹងថា ក្រុមភេរវករដែលត្រូវបានសម្លាប់មានជាប់ពាក់ព័ន្ធនៅក្នុងសកម្មភាពថ្មីៗប្រឆាំងនឹងកម្លាំងសន្តិសុខ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២