ប្រទេសអ៊ីរ៉ាក់៖ក្រុមសេវាប្រឆាំងភេរវកម្មនៃតំបន់ពាក់កណ្តាលស្វយ័តឃឺដបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកគណបក្សពលករឃឺដ ២នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់តួកគី នៅភាគខាងជើងខេត្តនីនេវេនៃប្រទេសអ៊ីរ៉ាក់។
នៅម៉ោង៨ និង២០នាទីយប់ យន្តហោះគ្មានមនុស្សបើករបស់តួកគីបានទម្លាក់គ្រាប់បែកលើរថយន្តដែលដឹកសមាជិកគណៈបក្សពលករឃឺដនៅក្នុងទីក្រុងស៊ីនចារ ដែលមានចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រ ភាគខាងលិចខេត្តនីនេវ៉េ នៃទីក្រុងម៉ូសូល ដោយបានសម្លាប់មេដឹកនាំគណបក្សពលករឃឺដម្នាក់ និងក្រុមសកម្មប្រយុទ្ធម្នាក់ រួមទាំងបានបង្ករបួសដល់សមាជិកក្រុមសកម្មប្រយុទ្ធម្នាក់ផ្សេងទៀតផងដែរ។
កម្លាំងតួកគីបានធ្វើប្រតិបត្តិការជាញឹកញាប់នៅលើដី តាមអាកាស និងទម្លាក់គ្រាប់បែកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាពិសេសទៅលើភ្នំខ្វានឌីល ដែលជាមួលដ្ឋានសំខាន់របស់សមាជិកគណបក្សពលករឃឺដ។
គួររំលឹកផងដែរថា សមាជិកគណបក្សពលករឃឺដ ដែលបានចុះក្នុងបញ្ចីអង្គការភេរវករដោយ ប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលតួកគីអស់រយៈពេលជាងបីទសវត្សរ៍មកហើយ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២