ប្រទេសប៉ាគីស្ថាន៖នាយកដ្ឋានប្រឆាំងភេរវកម្មនៃអង្គភាពប៉ូលិសបាននិយាយកាលពីព្រឹកថ្ងៃអង្គារថា ក្រុមភេរវករ ៤នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មដោយប៉ូលិសនៅក្នុងស្រុក ខារ៉ាន ភាគនិរតីខេត្តប៉ាឡូជីស្ថាន នៃប្រទេសប៉ាគីស្ថាន។
នាយកដ្ឋានប្រឆាំងភេរវកម្មបានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការនោះត្រូវបានធ្វើឡើងតាមរយៈព័ត៌មានដែលទទួលបានពីវត្តមានរបស់ក្រុមភេរវករនៅក្នុងស្រុក ដែលបានរៀបចំផែនការសកម្មភាពភេរវកម្ម។ កម្លាំងរបស់នាយកដ្ឋានប្រឆាំងភេរវកម្មបានទៅដល់ទីតាំងកើតហេតុ និងបានបិទបរិវេណដែលមានវត្តមានក្រុមភេរវករ។
មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបាននិយាយថា៖ “ខណៈដែលកងកម្លាំងបានចូលទៅដល់ក្នុងបរិវេណប្រតិបត្តិការ ក្រុមភេរវករបានចាប់ផ្តើមបាញ់ប្រហារដោយមិនរើសមុខ ខណៈដែលកម្លាំងមានសមត្ថកិច្ចក៏បានបាញ់តបតវិញផងដែរ។”
ប្រភពបន្ថែមថា ក្នុងអំឡុងពេលបាញ់គ្នា ដែលមានរយៈពេលជិតមួយម៉ោង ក្រុមភេរវករ ៤នាក់ត្រូវបានសម្លាប់។
ប៉ូលិសបានបញ្ជាក់បន្ថែមឱ្យដឹងថា អាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះ ត្រូវបានរឹបអូសពីភេរវករដែលស្លាប់ទាំងនោះ។ ចំណែកឯការស៊ើបអង្កេតកំពុងដំណើរការដើម្បីតាមចាប់សមាជិកនៃបណ្តាញក្រុមភេរវករ ដែលនៅសេសសល់៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២