ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប វាយប្រហារកំណត់គោលដៅលើសណ្ឋាគារនៅភាគខាងត្បូងប្រទេសសូម៉ាលី

0

ប្រទេសសូម៉ាលី៖ប៉ូលិសបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ វាយប្រហារកំណត់គោលដៅលើសណ្ឋាគារល្បីល្បាញមួយកន្លែងនៅទីក្រុង គីសម៉ាយ៉ូ ភាគខាងត្បូងប្រទេសសូម៉ាលី​ កាលពីថ្ងៃអាទិត្យ។

លោក ម៉ូហាមិដ ណាស៊ី ហ្គូឡិដ ស្នងការរងប៉ូលិសចូបាលេនបាននិយាយថា អ្នកវាយប្រហារបានសម្រុកចូលក្នុងសណ្ឋាគារ ថាវ៉ាកាល ដែលស្ថិតនៅក្នុងទីក្រុងគីសម៉ាយូ​ជាមួយនឹងរថយន្តដែលផ្ទុកសារធាតុផ្ទុះ បង្កការ​បាញ់​គ្នា​រវាង​ក្រុម​សកម្មប្រយុទ្ធ និង​កម្លាំង​សន្តិសុខ។

លោក ហ្គូឡិដ​ ដែលពុំទាន់បានបញ្ជាក់ពីចំនួនជនរងគ្រោះ បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ដោយនិយាយថា កម្លាំងសន្តិសុខនឹងអាចស្តារដំណើរការសណ្ឋាគារបានវិញនៅពេលឆាប់ៗនេះ ដោយនឹងមានវត្តមានរបស់រដ្ឋាភិបាល និងអ្នកនយោបាយជាច្រើន។ លោកបានប្រាប់អ្នកការសែតថា៖“យើងនឹងដោះស្រាយបាននៅពេលឆាប់ៗនេះ ជាមួយក្រុមភេរវករដែលមានសមាជិក ៣នាក់”។​ លោកបានបញ្ជាក់ថា មានសិស្សជាច្រើននាក់ស្ថិតនៅក្នុងចំណោមអ្នករងរបួស។

គួររំលឹកផងដែរថា ក្រុមភេរវករ អាល់ ស្ហាបាប ដែលកំពុងប្រយុទ្ធដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយអន្តរជាតិបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទៅលើសណ្ឋាគារដែលមានការយាមកាមយ៉ាងតឹងតែងនោះ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here