ប្រទេសយេម៉ែន៖មន្ត្រីសន្តិសុខម្នាក់បានប្រាប់ភ្នាក់ងារសារព័ត៌មានថា កាលពីថ្ងៃសៅរ៍ហេតុការណ៍ផ្ទុះបានវាយប្រហារលើរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលដឹកក្រុមគ្រូពេទ្យនៃកម្លាំងគាំទ្ររដ្ឋាភិបាលយេម៉ែនភាគខាងត្បូង នៅភាគខាងត្បូងខេត្ត អាបយ៉ាន ដោយបានសម្លាប់បុគ្គលិកពេទ្យ ០៥នាក់នៅលើរថយន្តនោះ ។
មន្ត្រីសន្តិសុខបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖“គ្រឿងផ្ទុះកែច្នៃបញ្ជាផ្ទុះពីចម្ងាយ (IED) បានវាយប្រហារលើរថយន្តសង្គ្រោះបន្ទាន់ ដែលដឹកក្រុមគ្រូពេទ្យយោធានៃកម្លាំងភាគខាងត្បូង ខណៈដែលរថយន្តកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវធំមួយនៅក្នុងស្រុក អាល់ ម៉ាហ្វីដ នៃខេត្ត អាប់យ៉ាន។” ប្រភពបន្ថែមទៀតថា ហេតុការណ៍ផ្ទុះថែមទាំងបានបំផ្លាញរថយន្តសង្គ្រោះបន្ទាន់នោះផងដែរ។
ក្រុមភេរវករបានពង្រាយគ្រាប់បែកផលិតដោយដៃនៅលើដងផ្លូវជាច្រើន និងនៅតាមតំបន់មួយចំនួន ក្នុងគោលបំណងដើម្បីរារាំង និងទប់ស្កាត់វឌ្ឍនភាពនៃយុទ្ធនាការយោធាគាំទ្ររដ្ឋាភិបាល ដែលមានបំណងតាមដានភេរវករនៅក្នុងខេត្តអាបយ៉ាន។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកលើក្រុមគ្រូពេទ្យយោធានៅឡើយទេ។ ទាហានយេម៉ែន និងមន្ត្រីរដ្ឋាភិបាល ជាញឹកញាប់ធ្លាប់បានចាត់ទុកថា សាខាក្រុមអាល់កៃដា ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែនទទួលខុសត្រូវចំពោះការវាយប្រហារបែបនេះ។
កាលពីខែកញ្ញា កម្លាំងស្មោះត្រង់ជាមួយរដ្ឋាភិបាលយេម៉ែន បានបណ្តេញក្រុមសកម្មប្រយុទ្ធអាល់កៃដាជាច្រើននាក់ចេញពីខេត្តអាបយ៉ាន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាប្រដាប់ដោយអាវុធជាច្រើនថ្ងៃមក។
គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធអាល់កៃដា ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែននៅក្នុងបណ្តាញឧបទ្វីបអារ៉ាប់ បានទាញយកផលប្រយោជន៍ជាច្រើនឆ្នាំពីជម្លោះរវាងកម្លាំងរដ្ឋាភិបាលយេម៉ែន និងកងជីវពលហ៊ូទី ដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប់ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម។ ពួកគេធ្លាប់បានធ្វើការវាយប្រហារធំៗជាច្រើនប្រឆាំងនឹងកម្លាំងសន្តិសុខនៅក្នុងខេត្តមួយចំនួននៅភាគខាងត្បូងប្រទេស៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២