ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍កាលពីថ្ងៃអាទិត្យនេះថាកងកម្លាំងសន្តិសុខប្រទេសស៊ីរីខាងជើង និងខាងកើត (ISF) ដែលគេស្គាល់ថាជាកងកម្លាំងអាសាអ៊ីស (Asayish) បានបិទទ្វារពន្ធនាគារកណ្តាលក្នុងទីក្រុងរ៉ាកា (Raqqa) ដែលឃុំឃាំងក្រុមរដ្ឋអ៊ីស្លាម(IS)។
ទោះបីជាមិនមានរបាយការណ៍ពីការរត់គេចពីពន្ធនាគារ ឬកុប្បកម្មក្នុងពន្ធនាគារក៏ដោយក៏មកទល់ពេលនេះកងកម្លាំងសន្តិសុខប្រទេសស៊ីរីនៅតែរក្សាការប្រុងប្រយ័ត្នរយៈពេលបីថ្ងៃជាប់ៗគ្នា ដើម្បីធ្វើការល្បាតសន្តិសុខនៅក្នុងតំបន់នេះ និងមានវិធានការសន្តិសុខយ៉ាងតឹងរ៉ឹងនៅជុំវិញពន្ធនាគារ ហើយផ្លូវថ្នល់នៅតែបិទក្នុងរយៈពេលបីថ្ងៃនេះ។ វិធានការប្រុងប្រយ័ត្នទាំងនេះកើតឡើងចំពេលមានការកើនឡើងសកម្មភាពរបស់រដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងតំបន់។
គួររំលឹកថាកាលពីខែតុលានេះកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានធ្វើប្រតិបត្តិការមួយ និងបានចាប់ខ្លួនពួករដ្ឋអ៊ីស្លាមដែលទទួលខុសត្រូវក្នុងការសម្របសម្រួលចលនានៃក្រុមតូចៗដែលនៅសេសសល់ និងផ្គត់ផ្គង់ជំនួយផ្នែកហិរញ្ញវត្ថុ និងភស្តុភារផ្សេងៗ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២